ភ្នំពេញ៖ លោក Josep Borrell Fontelles តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU)ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បង្ហាញការចាប់អារម្មណ៍ ក្នុងការជំរុញ និងពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-EU ឱ្យដល់កម្រិតថ្មីមួយបន្ថែមទៀត ស្ថិតក្រោមការគាំទ្រពីគំនិតផ្តួចផ្តើម ច្រកទ្វារសកលរបស់ EU ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផល ក្នុងជំនួបទ្វេភាគីរវាងលោក ប្រាក់ សុខុន និងលោក Josep Borrell Fontelles នាថ្ងៃ១៤ ធ្នូ។
ប្រភពខាងលើបញ្ជាក់ថា លោក Borrell បានអបអរសាទរចំពោះការត្រៀមចាកចេញរបស់កម្ពុជាពីប្រទេស LDCs ដែលនឹងរួមចំណែកដល់ការពង្រីក ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-EU ក្នុងដំណាក់កាលថ្មីទៀត ។
ជាកិច្ចឆ្លើយតប លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីរីករាយ ចំពោះការរីកចម្រើនជាលំដាប់ នៃកិច្ចសហប្រតិបត្តិការកម្ពុជា-EU និងបានគូសបញ្ជាក់អំពី ភាពប្រសើរឡើងគួរឱ្យកត់សម្គាល់របស់កម្ពុជា លើផ្នែកលទ្ធិប្រជាធិបតេយ្យ៕ ដោយ៖ រិន ចំរើន