សៀមរាប៖ គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំពេញអង្គរលើកទី២៩ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប ក្រោមអធិបតីភាព របស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងសហប្រធាននៃកិច្ចប្រជុំ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន និង លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំពេញអង្គលើកទី២៩នៃគណ:កម្មាធិការអាយស៊ីស៊ី-អង្គរ នាពេលនេះនឹងពិនិត្យ ពិភាក្សាទៅលើរបាយការណ៍សកម្មភាពនានារបស់អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុក ការអភិរក្សជួសជុល ការស្រាវជ្រាវបុរាណវិទ្យា និងការបណ្ដុះបណ្ដាលធនធានមនុស្ស និងការងារសង្គ្រោះបន្ទាន់ទៅលើប្រាសាទ និងបុរាណដ្ឋាននានាជាដើម។ ក្នុងនោះដែរក៏មានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន២៖ ១)រវាងអាជ្ញាធរជាតិអប្សរា និងសហជីពអង្គរ សង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ្រ SIAVB (បារាំង) ២) អាជ្ញាធរជាតិអប្សរា និង ស្ថាប័នJASA ជប៉ុន។
បន្ថែមពីលើនេះ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ចូលរួមជាអធិបតីក្នុងការបំពាក់គ្រឿងឥស្សរយស ជូនដល់អ្នកជំនាញជាតិនិងអន្តរជាតិដែលបានចូលរួមចំណែកក្នុងកិច្ចអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គររយៈពេល៣០ឆ្នាំមកនេះ៕ ដោយ៖ គង់ សេដ្ឋាមុនី