លោក ជិន ម៉ាលីន ត្រូវបានជ្រើសតាំងជាប្រធាន អនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ជំហានទី៦

ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានជ្រើសតាំងជាប្រធាន ក្រុមការងារសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ជំហានទី៦ (Legal and Judicial Development Project Phase VI) ដែលមានសមាសភាពចូលរួមចំនួន២៨រូប រួមមានប្រធាន០១រូប អនុប្រធាន២រូប និង លេខាធិការ២រូប ។

ក្នុងសេចក្ដីសម្រេចរបស់ក្រសួងយុត្តិធម៌ចុះកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារនេះ មានតួនាទី រៀបចំយន្ដការដឹកនាំ និងយន្ដការសម្របសម្រួលចំណុះនានា ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអនុវត្តគម្រោង,ក្រៅពីនេះ ដឹកនាំ និងសម្របសម្រួលការងារជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ, តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងធ្វើរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារ ដែលពាក់ព័ន្ធនឹងការអនុវត្តគម្រោង,បំពេញភាំរកិច្ចផ្សេងទៀត តាមការកំណត់របស់ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌។

ដោយឡែក អនុប្រធាន និងសមាជិកក្រុមការងារ ត្រូវចូលរួមកិច្ចប្រជុំតាមរយ:ការកោះអញ្ជើញរបស់ប្រធាន។ក្នុងករណីប្រធានអវត្តមាន អនុប្រធានអាចកោះប្រជុំ និង/ឬ ដឹកនាំកិច្ចប្រជុំជំនួសបាន តាមការប្រគល់សិទ្ធិពីប្រធាន។

បន្ថែមពីនេះ ក្រុមការងារនេះ អាចជ្រើសរើសមន្រ្ដីក្រោមឱវាទបន្ថែម ដើម្បីជាជំនួយដល់ការអនុវត្តការងាររបស់ខ្លួន។ក្រុមការងារនេះ អាចអញ្ជើញអ្នកជំនាញ ទីប្រឹក្សា ឬមន្រ្ដីជំនាញពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីផ្ដល់យោបល់ និងជួយដល់ដំណើរការការងាររបស់ខ្លួនតាមការចាំបាច់៕ ដោយ៖ សៀងហៃ