ADB ផ្តល់កម្ចី៥០លានដុល្លារ និងថវិកាវិនិយោគ២៣ លានដុល្លារដល់កម្ពុជា

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តាមវិស័យមួយដែលរួមបញ្ចូលកម្ចីផ្អែកលើគោលនយោបាយចំនួន៥០លានដុល្លារ និងការវិនិយោគគម្រោងចំនួន២៣លានដុល្លារ ដើម្បីគាំទ្រអន្តរកម្មថាមពលរបស់កម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងចំណោមប្រាក់កម្ចី៥០លានដុល្លារ គឺ៤០លានដុល្លារ ពីធនធានសម្បទានរបស់ADB និងប្រាក់កម្ចី១០លានដុល្លារ ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ដែលជាផ្នែកមួយនៃហិរញ្ញវត្ថុកាតាលីករបៃតងអាស៊ាន (ACGF) ក្នុងកម្មវិធីអភិវឌ្ឍន៍តាមវិស័យសម្រាប់អន្តរកម្មថាមពល។

ចំណែក២៣លានដុល្លារទៀត សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ក្នុងកម្មវិធីបង្កើនថាមពល កកើតឡើងវិញរបស់កម្ពុជា ។ ថវិកាទាំងអស់នឹងត្រូវគ្រប់គ្រងដោយ ADB។

លោក Pradeep Tharakan ប្រធានផ្នែកប្រតិបត្តិការថាមពលជាមួយវិស័យសាធារណៈ សម្រាប់មហាអនុតំបន់មេគង្គរបស់ ADB មានប្រសាសន៍ថា កម្មវិធីនេះរួមបញ្ចូលគ្នានូវកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដែលនឹងគាំទ្រគ្នាទៅវិញទៅមក ដើម្បីទទួលបានផលជាអតិបរមា។

លោកថា “វាត្រូវបានរំពឹងថា នឹងត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគក្នុងវិស័យសាធារណៈ និង ឯកជនជាមួយបច្ចេកវិទ្យាថ្មីសំខាន់ៗដូចជាប្រសិទ្ធភាពថាមពល និងថ្មផ្ទុក។ វាក៏នឹងជួយកំណត់គោលដៅ ថាមពលស្អាតសម្រាប់ ប្រទេស និង រួមបញ្ចូលការអភិវឌ្ឍថាមពលនិងការធ្វើផែនការប្រើប្រាស់ថាមពល ដែលប្រសើរក្នុងវិស័យផ្សេងៗ រួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធគន្លឹះ ឆ្លើយតបនឹងអាកាសធាតុផងដែរ»។

សូមបញ្ជាក់ថា ការវិនិយោគគម្រោងក្រោមកម្មវិធីនេះ នឹងលើកកម្ពស់បច្ចេកវិទ្យាថ្មីៗ រួមទាំងការអភិវឌ្ឍប្រព័ន្ធថ្ម ផ្ទុកថាមពលដែលភ្ជាប់នឹងបណ្តាញអគ្គិសនីដំបូងគេរបស់ប្រទេស ដែលនឹងផ្តល់លទ្ធភាពបន្ថែមឱ្យប្រភព កកើតឡើងវិញតភ្ជាប់ទៅក្នុងបណ្តាញអគ្គិសនី និង កែលម្អស្ថិរភាពបណ្តាញអគ្គិសនីសម្រាប់អ្នកប្រើប្រាស់៕ ដោយ៖ រិន ចំរើន