ភ្នំពេញ ៖ នៅតែបន្តបង្ហាញការគាំទ្រដល់អ៊ុយក្រែនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ទោះបីជាយ៉ាងណាសម្ដេច នឹងមិនបញ្ជូនទាហានរបស់កម្ពុជាចូលច្បាំងជាមួយរុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនាអាស៊ាន-សហគមន៍អឺរ៉ុប នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិក នាថ្ងៃទី១៤ ខែធ្នាំ២០២២ សម្ដេចតេជោ បានរំលឹកថា សម្រាប់កម្ពុជា បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ថ្កោលទោសចំពោះការឈ្លានពាន ឬការកាត់យកទឹកដី ក្រៅពីនោះក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជាក៏បានសម្របសម្រួល ដើម្បីចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធជាមួយនឹងការសន្ទនា ឬបទឈប់បាញ់រវាងរុស្ស៉ីនិងអ៊ុយក្រែន។
សម្ដេចតេជោបញ្ជាក់ថា កម្ពុជាមិនយល់ព្រម ជាមួយនឹងការឈ្លានពាន ការប្រើប្រាស់កម្លាំង ឬការកាត់យកទឹកដីនោះទេ ។
ប៉ុន្តែទាក់ទងនឹងរុស្ស៊ី-អ៊ុយក្រែនសម្តេចតេជោ បានសម្រេចបញ្ជូនគ្រូខាងផ្នែកដោះមីន រួមជាមួយជប៉ុន ទៅជួយអ៊ុយក្រែន ព្រមទាំងការបណ្តុះបណ្តាល ការដោះមីន។
សម្តេចតេជោបញ្ជាក់ទៀតថា «ហើយយើងក៏នឹងទទួលយកសិក្ខាកាមរបស់អ៊ុយក្រែន១៥នាក់ ក្នុងខែមករានេះ ដើម្បីធ្វើជាអ្នកបំផ្លាញចោលគ្រាប់មីន ព្រោះវាជារឿងគ្រោះថ្នាក់ ហើយវាជារឿងមនុស្សធម៌។ ប៉ុន្តែយើងមិនបញ្ជូនទាហានរបស់យើង ចូលច្បាំងជាមួយរុស្ស៉ី ក្នុងប្រទេសអ៊ុយក្រែននោះទេ»៕ ដោយ៖ រិន ចំរើន