ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប ) ដឹកនាំដោយ លោក ហង្ស ពុទ្ធា និងគណបក្សខ្មែររួបរួមជាតិ ដែលដឹកនាំដោយ លោក ញឹក ប៊ុន ឆៃ បានពិភាក្សាលើចំណុចសំខាន់ៗចំនួន៣ ដែល ភាគីគណបក្សខ្មែររួបរួមជាតិ បានលើកសំណូមពរ។
ជំនួបពិភាក្សាភាគីទាំងពីរធ្វើឡើងនៅ
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៩:៣០ នៅសាលប្រជុំរបស់ គ.ជ.ប ដោយផ្តោតលើការពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
បើតាមគជប ចំណុចសំខាន់ទាំង ៣ រួមមាន ១. សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមានបំណងចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មិនត្រូវអនុញ្ញាតឱ្យស្លៀកពាក់ឯកសណ្ឋាន ឬសញ្ញាសម្គាល់របស់ស្ថាប័នឡើយ គឺត្រូវពាក់តែប័ណ្ណដែលចេញដោយ គ.ជ.ប។
២. សូមឱ្យបិទផ្សាយកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ជាសាធារណៈនៅត្រង់ច្រកចូលទីតាំងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ និងចែកជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាន នៅក្នុងការិយាល័យរាប់សន្លឹកឆ្នោត។ គណបក្សទាមទារយ៉ាងទទូច សូមឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការកែសម្រួលរាល់ប្រការពាក់ព័ន្ធនឹងទម្រង់បែបបទ ១១០២។
៣. លិខិតបញ្ជាក់បេក្ខជនពិតជាបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់៖ សូមលុបប្រការ ៤.៥ ចំណុច ៤.៥.២.២ ពីព្រោះបញ្ជីឈ្មោះបោះឆ្នោត គឺផ្ដល់សុពលភាពដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួចស្រេចទៅហើយ។
គណបក្សខ្មែររួបរួមជាតិ បានធ្វើការពន្យល់ហេតុផលម្ដងមួយចំណុចៗ។
ក្រុមការងារ គ.ជ.ប ក៏បានពន្យល់ហេតុផលតាមផ្លូវច្បាប់នូវចំណុចនីមួយៗដែលភាគីគណបក្សបានលើកឡើង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារបានកត់ត្រារាល់ចំណុចដែលគណបក្សបានលើកឡើង ដើម្បីទុកជូនសមាជិក គ.ជ.ប ទាំង ៩រូប ពិនិត្យ និងសម្រេច។
ភាគីគណបក្សបន្តថា អ្វីដែលគណបក្សលើកឡើង គឺជាចំណុចដែលមានស្នើឡើងជាលាយលក្ខណ៍អក្សរ ហើយបញ្ហាដែលនៅសេសសល់ អាចនឹងត្រូវគណបក្សលើកឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ដែលជាកិច្ចប្រជុំរួមរវាង គ.ជ.ប ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ជំនួបទ្វេភាគីនេះ បានប្រព្រឹត្តទៅអស់រយៈពេលប្រមាណជិត ២ម៉ោង ប្រកបដោយរលូន និងយោគយល់គ្នាទៅវិញទៅមក៕ ដោយោះ ពុទ្ធិពល