ជនសង្ស័យចំនួន១៣នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការលេងល្បែងខុសច្បាប់

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់មាន់ជល់) និងឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់។ នេះ បើតាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ១២ ខែធ្នូ។

បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៣:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់មាន់ជល់) និងបានឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបានការអនុញ្ញាតពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការខាងលើនេះ សមមត្ថកិច្ច បានរឹបអូសយកវត្ថុតាងមួយចំនួនមានដូចជា សត្វមាន់ ចំនួន០១ក្បាល (ងាប់), ស្កុតរុំជើងមាន់មួយចំនួន។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ ពុទ្ធិពល