កម្លាំងសមត្ថកិច្ចចំរុះ បើកប្រតិបត្តិការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១១:៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងអធិការដ្ឋាននគរបាលស្រុកពញាឮ ខេត្តកណ្តាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម (យកខោខូវប៊យជើងវែង ពណ៌ខៀវលាយប្រផេះ ខ្ទប់ច្រមុះនិងមាត់បណ្ដាលឲ្យស្លាប់) កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ត្រង់ចំណុចបន្ទប់ជួលលេខ១ ស្ថិតនៅភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះ(សព)ឈ្មោះ កង គា ហៅ អាឈី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្រុកកំណើត ភូមិចុងអំពិល ឃុំចុងអំពិល ស្រុកកញ្ចៀច ខេត្តព្រៃវែង ស្នាក់នៅបន្ទប់ជួលលេខ១ ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ គឹម សំអាន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ១ ភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (ត្រូវជាប្តីរបស់ជនរងគ្រោះ)។

វត្ថុតាងដកហូត៖ កន្សែងពោះគោ ពណ៌ដី ចំនួន១, ខោខូវប៊យជើងវែង ពណ៌ខៀវលាយប្រផេះ ចំនួន០១។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ ពុទ្ធិពល