កម្ពុជាបានឈានមកដល់បរិបទ រក្សាព្រៃឈើឈរដើម្បីបង្កើនចំណូលតាមរយៈការអនុវត្តគម្រោងរេដបូក

ព្រះវិហារ៖ «ប្រទេសដែលមានសិទ្ធទទួលផលពីគម្រោងរេដបូក (REDD+)គឺជាប្រទេសដែលប្រើប្រាស់ព្រៃឈើរបស់ខ្លួនប្រកបដោយនិរន្តរភាព»នេះជាការលើកឡើងរបស់
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅក្នុងឱកាសអញ្ជើញចុះពិនិត្យការធ្វើសារពើភ័ណ្ឌព្រៃឈើនៅក្នុងឡូតិ៍គំរូ ដើម្បីវាស់ BIOMASS សម្រាប់ការធ្វើរេដបូក ស្ថិតក្នុងភូមិក្រឡាសពាស ឃុំព្រីងទុំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការចូលរួមពី លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

រដ្ឋមន្រ្តីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា «កម្ពុជាបានឈានមកដល់បរិបទ រក្សាព្រៃឈើឈរដើម្បីបង្កើនចំណូល»តាមរយៈការអនុវត្តគម្រោងរេដបូក (REDD+) បានផ្តល់ផលប្រយោជន៍ជូនប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិតាមរយៈ ការកសាងផ្លូវ ការបំពាក់ប្រពន្ធ័ទឹកស្អាត ការដាំដំណាំកសិកម្ម ការផ្តល់ពូជសត្វ មធ្យោបាយ និង សម្ភារៈសម្រាប់ការល្បាតព្រៃជាដើម។ កម្ពុជាបានកំពុងអនុវត្តគម្រោងរេដបូក (REDD+) ជាយន្តការអន្តរជាតិមួយសម្រាប់ជួយទប់ស្កាត់ការបាត់បង់ និងរេចរិលព្រៃឈើ និងចូលរួមកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ តាំងពីឆ្នាំ២០០៧ តាមរយៈទីផ្សារកាបូនស្មគ្រ័ចិត្ត។ បច្ចុប្បន្នប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគីរី ខេត្តក្រចេះ (គម្រោងរេដបូកកែវសីមា) ខេត្តកោះកុង និងពោធិ៍សាត់(គម្រោងរេដបូកក្រវាញខាងត្បូង) ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងក្រចេះ(គម្រោងរេដបូកព្រៃទ្បង់)៕
ដោយ៖ គង់ សេដ្ឋាមុនី