ព្រះវិហារ៖«កសិករ នៅខេត្តព្រះវិហារកំពុងទទួលបានជីវភាពប្រសើរជាងមុន តាមរយៈការលក់ស្រូវសេរីរាង្គ» នេះជាការលើកឡើងរបស់កសិករ នៅភូមិក្រឡាសពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងឱកាស ដែលលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការផលិត និងការទិញ-លក់ស្រូវត្រយង(IBIS) និងស្រូវសរីរាង្គតាមគោលការណ៍ របស់ប្រជាសហគមន៍នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វព្រៃព្រះរកា និង សហគមន៍រំដួលម្លូព្រៃជាយដែន ស្ថិតក្នុងខេត្តព្រះវិហារ។
គម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ឬ ស្រូវត្រយង បានកំពុងជួយគាំទ្រដល់សហគមន៍ក្នុងការផ្តល់បច្ចេកទេស ដំណាំស្រូវសរីរាង្គ ការរកទីផ្សារលក់ចេញ សម្រាប់បណ្តាញសហគមន៍ ការគ្រប់គ្រងស្រះទឹកសហគមន៍ សម្រាប់ទ្រទ្រង់ដំណាំកសិកម្ម និង ការពង្រឹងសមត្ថភាពកសិករ គាំទ្រលើបច្ចេកទេស ភាពធន់ នឹងអាកាសធាតុ ដូចជា៖ កម្មវិធីត្រពាំងមេត្រីភាពបរិស្ថានសម្រាប់ផ្គត់ផ្គង់ទឹកបន្ថែម ការរៀបចំដីសម្រាប់គ្រប់គ្រងទឹក កម្មវិធីក្សេត្រសាស្ត្រគាំទ្រដល់ការគ្រប់គ្រងសត្វចង្រៃ ការក្រើនរំលឹកអំពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិដល់អ្នកផ្គត់ផ្គង់ថ្នាំគីមី ក្នុងគោលបំណង ការពារបរិស្ថាន ការអភិរក្សសត្វព្រៃ និងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍៕
ដោយ៖ គង់ សេដ្ឋាមុនី