សម្តេច ស ខេង ៖ កម្ពុជា មិនប្រែប្រួលទេ នៅតែបន្ដរកអដ្ឋិធាតុទាហានអាមេរិក

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនប្រែប្រួលនោះទេ គឺនៅតែបន្តការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួននៅកម្ពុជា ខណៈបច្ចុប្បន្ននៅសល់ ៤៨រូបទៀត។

នាឱកាសអនុញ្ញាតឲ្យលោកស្រី Ann Mills-Griffiths ប្រធានសម្ព័ន្ធជាតិនៃគ្រួសារឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួនក្នុងអាស៊ីអាគ្នេយ៍ ហៅកាត់ថា (POW/MIA) ចូលជួមសម្តែងការគួរសម នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា យន្តការកម្ពុជានឹងត្រៀមខ្លួនសហការជាមួយគម្រោងរបស់ លោកស្រី ពាក់ព័ន្ធនឹងការងារស្វែងរកអដ្ឋិធាតុនេះ សម្រាប់ឆ្នាំ២០២២ នឹងឆ្នាំ២០២៣ទៅមុខទៀត។

សម្ដេចមានប្រសាសន៍ថា «គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនមានការប្រែប្រួលទេគឺនៅតែបន្ត ផ្តល់ការគាំទ្រដល់ការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននេះ ដែលបច្ចុប្បន្ននៅសល់៤៨រូបទៀត»។

ជាការឆ្លើយតបលោកស្រី Ann Mills-Griffiths បានលើកឡើងថា កម្ពុជា គឺជាប្រទេសមួយដែលផ្តល់កិច្ចសហប្រតិបត្តិការល្អជាងគេ ក្នុងចំណោមប្រទេសដែលកម្មវិធីស្វែងរកអដ្ឋិធាតុនេះ កំពុងមានប្រតិបត្តិការ។

លោកស្រីបន្ដថា ទោះក្នុងស្ថានភាពកូវីដ-១៩ ក្តី កម្ពុជា បានបង្ហាញការយកចិត្តទុកដាក់ មិនមានភាពថមថយក្នុងការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួនថែមទាំងមានវឌ្ឍនភាពទៅមុខជានិច្ច៕ ដោយ៖ រិន ចំរើន