រាជរដ្ឋាភិបាលកំពុងលើកម្ពស់វិស័យដឹកជញ្ជូនកម្ពុជា

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាន និងកំពុងពង្រីក និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវដែក និងផ្លូវទឹក និងកំពង់ផែ ។ នេះ បើតាម លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ស៊ុន ចាន់ថុល ថ្លែងក្នុងកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសចម្រុះ ស្តីពីហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកាឱ្យដឹងថា គម្រោងទាំំងនោះរួមមានគម្រោងសាងសង់ផ្លូវ ស្ពាន ជាពិសេសគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ផ្លូវដែកពីភ្នំពេញទៅបាវិត ផ្លូវដែកពីភ្នំពេញទៅសៀមរាប និងពីសៀមរាបទៅប៉ោយប៉ែត និងការតភ្ជាប់ជាមួយប្រទេសជិតខាងទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ខណៈផែនការមេជាតិភស្តុភារកម្មត្រូវបានអភិវឌ្ឍផងដែរ។

លើសពីនេះទៀត លោករដ្ឋមន្ត្រីរូបនេះ បានបង្ហាញពីការប្រើប្រាស់យន្តការបច្ចេកវិទ្យាព័ត៌មាន ដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកពេលកប៉ាល់ចេញចូលកំពង់ផែ (Port EDI) និងការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីសម្រេចនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ឆ្នាំ២០៥០ជាដើម៕