ភ្នំពេញ ៖ ថវិកាចំនួន ១៨ ៥៧៣ ៥៧០ដុល្លារដែលចេញពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងសប្បុរសជនសម្រាប់ការដោះមីន ត្រូវចំណាយអស់នៅត្រឹមព្រឹកថ្ងៃទី១ ខែធ្នូឆ្នាំ២០២២ហើយ។ នេះបើតាមហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាព្រលប់ថ្ងៃ១ ធ្នូ។
រំលឹកបន្តិចថា សម្តេចតេជោ កាលពីប៉ុន្មានខែមុន បាន ដាក់ចេញផែនការដោះមីនឲ្យអស់នៅទូទាំងប្រទេសត្រឹមឆ្នាំ២០២៥ ក្នុងនោះ ក្រោយសម្តេចប្រកាសផែនការបែបនេះហើយ ទាំងព្រះមហាក្សត្រ សម្តេចម៉ែ និងសប្បុរសជន នានាបានចូលរួមឧបត្ថម្ភជាបន្តបន្ទាប់។
បើតាមហ្វេសប៊ុកសម្តេចតេជោដដែលបន្តថា ដើម្បីធា នាឆ្នាំ២០២៥ កម្ពុជានឹងអស់គ្រាប់មីន សម្តេចបានពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្រ្តី អូន ពន្ធមុនីរ័ត្ន បញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាល ចំនួន៣០លាន ដុល្លារភ្លាម ដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីន
និងគ្រាប់មិនទាន់ផ្ទុះ គ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច។
សម្តេចថា ថវិកានេះរួមជាមួយថវិកាពីដៃគូអភិវឌ្ឍន៍អាចបន្តប្រើប្រាស់បានក្នុងឆ្នាំ២០២៣។ ក្នុងករណីខ្វះសម្រាប់ឆ្នាំ២០២៤និង២០២៥ អាជ្ញាធរមីនត្រូវធ្វើការ
ជាមួយក្រសួងសេដ្ឋកិច្ចដើម្បី រៀបចំថវិកាប្រចាំឆ្នាំ។
ដើម្បីឲ្យឆ្នាំ២០២៥កម្ពុជាគ្មានមីន ការផ្តល់ដីដោយសុវត្ថិភាព និងដោយស្នាមញញឹម សម្តេចអំពាវនាវសប្បុរសជនបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាព។ ក្នុងនោះ សូមឲ្យឆ្នាំ២០២៥ក្លាយជាឆ្នាំគ្មានមនុស្សស្លាប់ របួស និងជាឆ្នាំប្រកបដោយស្នាមញញឹម បន្ទាប់ពីរងគ្រោះដោយគ្រាប់មីនរយៈពេល៥៥ឆ្នាំ (១៩៧០-២០២៥)៕
ដោយ៖ រិន ចំរើន