លោក Christophe-André Frassa ស្វែងយល់អំពីការវិវឌ្ឍជាវិជ្ជមាននៅកម្ពុជា ក្នុងក្របខ័ណ្ឌសភាប្រើភាសាបារាំង

ភ្នំពេញ៖ លោក Christophe-André Frassa ប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង ចាត់ទុកថា ដំណើរទស្សនកិច្ចរបស់ខ្លួនពេលនេះ ដើម្បីស្វែងយល់អំពីការវិវឌ្ឍជាវិជ្ជមាននៅកម្ពុជា ក្នុងក្របខ័ណ្ឌសភាប្រើភាសាបារាំង ។

ការលើកឡើងបែបនេះ ខណ:ពេល សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោក Christophe-André Frassa ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូបេសកកម្មសុឆន្ទៈនៃសភាប្រើភាសាបារាំង (APF) បំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ។

ក្នុងឱកាសនេះផងដែរ ព្រឹទ្ធសភាកម្ពុជា ចាត់ទុកថាដំណើរទស្សនកិច្ច Christophe-André Frassa នឹងរួមចំណែកក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភានិយាយភាសាបាំង (APF) ជាមួយសភាកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា សភាកម្ពុជាបានដើរតួនាទីដ៏សកម្មក្នុងវេទិកាសភានិយាយ ភាសាបារាំងនៅក្នុងតំបន់ និងសកលលោក។ សហប្រតិបត្តិការល្អរវាងសភាកម្ពុជា និងហ្រ្វង់កូហ្វូនី បានប្រព្រឹត្តទៅដោយរលូនលើគ្រប់យន្តការទាំងអស់នៃAPF ព្រមទាំងកិច្ចសហប្រតិបត្តិការបច្ចេកទេស។ សភាកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាផ្តល់សារៈសំខាន់ធ្វើកិច្ចសហប្រតិបត្តិការដោយ បើកចំហរជាមួយមិត្តភក្តិបរទេស និងដៃគូអន្តរជាតិទាំងអស់ដែលចង់ឈ្វេងយល់អំពីស្ថានភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការបញ្ចេញមតិនៅកម្ពុជា៕ ដោយ៖ សាន សៀងហៃ