ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ២០១១ រាជរដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បី អនុវត្តគម្រោង “សន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ (Food Security for Underprivileged Farmers)” ដែល ហៅកាត់ថាគម្រោង 2KR។
តាមក្រសួងកសិកម្ម ជំនួយឥតសំណងនេះត្រូវបានផ្ដល់ក្នុងទម្រង់ជាគ្រឿងយន្ត និងធាតុចូលកសិកម្ម ដូចជា ម៉ាស៊ីនបូមទឹក និងជីកសិកម្ម ដែលផលិតនៅប្រទេសជប៉ុន ហើយត្រូវបានលក់ជូនកសិករក្រីក្រ ក្នុងតម្លៃទាបជាង ទីផ្សារ។
ថវិកាដែលប្រមូលបានពីការលក់គ្រឿងយន្ត និងធាតុចូលទាំងនោះ ត្រូវបានភាគីជប៉ុនយល់ព្រមជា គោលការណ៍ឱ្យក្រសួងប្រើប្រាស់សម្រាប់គាំទ្រការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម សំដៅផ្តល់ផលប្រយោជន៍ ជាបន្តជូនកសិករក្រីក្រ នៅកម្ពុជា ។
ក្នុងគោលបំណងបង្កើនទំនាក់ទំនងល្អ ទំនុកចិត្ត និងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកា សំដៅសម្រេច គោលដៅរបស់គម្រោង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចបង្កើតគណៈកម្មាធិការដឹកនាំ និង អនុវត្ត (Project Steering Committee, PSC) និងអង្គភាពត្រួតពិនិត្យ និងវាយតម្លៃគម្រោង (Project Monitoring and Evaluation Unit, PMEU)។
រហូតមកដល់បច្ចុប្បន្ននេះ ក្រសួងក៏បានអនុវត្តគម្រោងអភិវឌ្ឍន៍មួយចំនួនជា បន្តបន្ទាប់ ដោយផ្តោតលើផលិតកម្មដំណាំស្រូវ ផលិតកម្មដំណាំបន្លែ ការចិញ្ចឹមត្រី និងការអភិរក្សជលផល ការចិញ្ចឹមមាន់ ព្រមទាំងការការពារ និងការអភិរក្សព្រៃឈើ។
ថ្មីៗនេះ ភាគីជប៉ុនទើបបានសម្រេចយល់ព្រមជាគោលការណ៍ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចំណាយថវិកាគម្រោងដែលនៅសល់ចំនួន៤១ ៥៦៨,៥៣ ដុល្លារ (សែសិបមួយពាន់ប្រាំរយហុកសិបប្រាំបី ដុល្លារអាមេរិក និងហាសិបបីសេន) សម្រាប់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាងសង់ ឃ្លាំងទុកដាក់ស្រូវពូជចំនួន២ ជូនក្រុមផលិតពូជស្រូវ នៅខេត្តកំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ ហើយបំពាក់បរិក្ខារ និង ឧបករណ៍ចាំបាច់មួយចំនួន៕
ដោយ៖ រិន ចំរើន