សម្តេចតេជោ ៖ ប្រទេសមួយចំនួនកំពុងមានវិប្បដិសារី ចំពោះការមើលស្រាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ប្រហែលជាមានប្រទេសមួយចំនួនកំពុងមានវិប្បដិសារីហើយ ចំពោះការសរសេររិះគន់ និងមើលស្រាលមកលើកម្ពុជា ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ក្នុងពិធីអបអរសារទខួប១១ឆ្នាំ នៃប្រតិបត្តិការបស់ក្រុម ហ៊ុនមីនីបៀMinibea (Cambodai) នាព្រឹកថ្ងៃ ១ ធ្នូ សម្តេចតេជោ បានគូសបញ្ជាក់ថា «ពេលនេះប្រហែលជាមានប្រទេសមួយចំនួនកំពុងមានវិប្បដិសារី ហើយចំពោះការសរសេររិះគន់ និងមើលស្រាលមកលើកម្ពុជា និងប្រទេសមួយចំនួនទៀតចំពោះការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ការមានវិប្បដិសារីនេះ គឺត្រង់ថា ប្រទេសកម្ពុជា និងប្រទេសដទៃទៀតទទួល បានជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត នេះ»។

សម្តេចតេជោបន្តទៀតថា កម្ពុជាចាប់ពីតាំងឆ្លងជំងឺកូវីដ១៩ដំបូង ត្រូវបានសារព័ត៌មានប្រទេសអ្នកមានមួយចំនួនសរសេរបណ្តុះបង្អាប់ខ្លាំង បូកទាំងកម្ពុជា ឡាវ មីយ៉ាន់ម៉ា បង់ក្លាដេសនិងប្រទេសមួយចំនួនទៀតសុទ្ធតែត្រូវគេប្រមាថអំពីប្រព័ន្ធសុខាភិបាលទន់ខ្សោយប៉ុន្តែឥឡូវនេះ ពួកគេដែលធ្លាប់សរសេរប្រមាថពីការគ្រប់គ្រងជំងឺកូវីដ១៩នេះ គេមានវិប្បដិសារីសេរីចំពោះការគ្រប់គ្រងជំងឺកូវីដរបស់កម្ពុជា។

សម្តេចនាយករដ្ឋមន្រ្តីថា ការគ្រប់គ្រងជំងឺកូវីដ មិនសំដៅតែលើប្រព័ន្ធសុខាភិបាលជឿនលឿន ឬប្រព័ន្ធសុខាភិបាលទន់ខ្សោយនោះទេ ប៉ុន្តែការប្រយុទ្ធជាមួយសត្រូវមើលមិនឃើញទើបជាការប្រយុទ្ធមួយពិបាលដែលទាមទារឲ្យធ្វើការជាមួយមនុស្ស មិនមែនធ្វើកាជាមួយម៉ាស៊ីនទេ៕ ដោយ៖ រិន ចំរើន