ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានលើកឡើងថា គោលនយោបាយវិនិយោគរបស់កម្ពុជា គឺត្រីណាមកមុន ចាប់យកមុន ដោយមិន ប្រកាន់ត្រីតូច ឬត្រីធំឡើយ។
ក្នុងពិធីអបអរសាទរខួប ១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea Cambodia របស់ជប៉ុន នៅកម្ពុជា នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ បានរំលឹកថា កន្លងមកមានក្រុមហ៊ុនមួយបានស្នើឱ្យសម្តេចបញ្ឈប់ការវិនិយោគរបស់ក្រុមហ៊ុនមីនេបៀនៅកម្ពុជា កាលពីឆ្នាំ២០១០ តែត្រូវបានសម្តេចបញ្ជាក់ត្រឡប់ទៅវិញថា មិនអាចបំពានការសម្រេចរបស់សម្តេច បាននោះឡើយ។ សម្តេចតេជោ ក៏បានបង្ហាញក្តីរីករាយដែលបានរួមចំណែកឱ្យក្រុមហ៊ុនមីនេបៀនៅកម្ពុជាមានការរីកចម្រើនជាមួយនឹងទុនកើនដល់៦០០ លានដុល្លារ និងមានមានកម្មករបម្រើការងាររហូត ដល់៦ពាន់នាក់។
សម្តេចតេជោបន្តទៀតថា «គោលនយោបាយវិនិយោគរបស់កម្ពុជាគឺ ត្រីណាមកមុនចាប់យកមុន គឺមិនប្រកាន់ត្រីតូច ឬត្រីធំនោះទេ»។
សម្តេចតេជោបានថ្លែងថា កត្តាសំខាន់បំផុតដែលនាំឱ្យក្រុមហ៊ុនទាំងអស់អាចបន្តវិនិយោគនៅកម្ពុជា គឺត្រូវការចាំបាច់បំផុត គឺសុខសន្តិភាព និងស្ថេរភាពនយោបាយ៕ ដោយ៖ រិន ចំរើន