សម្តេច ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចូលរួមសោកស្តាយ​ និងជួយឧបត្ថម្ភការព្យាបាលទាំងស្រុងដល់ស្ត្រីរងគ្រោះធ្ងន់ធ្ងរ ក្រោយពេទ្យកាយយកសាកសពទារកក្នុងផ្ទៃ ដោយទាំងពោះវៀនចេញមកក្រៅ

ភ្នំពេញ៖ ដោយក្តីតក់ស្លុត​ រំជួលចិត្ត​ និងក្តីអាណិតអាសូរយ៉ាងពន់ពេកចំពោះករណីស្ត្រីរងគ្រោះធ្ងន់ធ្ងរ ក្រោយពេទ្យគ្លីនិកមួយកន្លែង​ បានកាយយកសាកសពទារកក្នុងផ្ទៃដោយទាំងពោះវៀនចេញមកក្រៅនោះ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ ចុះសួរសុខទុក្ខ ចូលរួមសោកស្តាយ​ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ​ ផ្លែឈេីស្រស់​ ទឹកផ្លែឈេី​ និងថវិកាចំនួន​ ៥លានរៀល ជូនដល់គ្រួសារស្ត្រីឈ្មោះ​ សៀង​ ស្រីអូន​ អាយុ​ ២២ឆ្នាំ​ ដែលកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រួសាររងគ្រោះ​ លោកស្រី អគ្គលេខាធិការរងទី១​ បានពាំនាំនូវប្រសាសន៍របស់សម្ដេច ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងជម្រាបជូនថា​ ៖​ «សម្តេច ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បន្ទាប់ពីបានឃេីញព័ត៌មានអំពីករណីមួយនេះ​ សម្តេច មានអារម្មណ៍ក្តុកក្តួល​ ក្តីសោកស្តាយ​ និងក្តីអាណិតអាសូរ​យ៉ាងក្រៃលែង ហេីយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដេីម្បីជួយសម្រាលការលំបាកក្នុងពេលព្យាបាល។ ជាមួយគ្នានេះ​ សម្តេច នឹងចេញថ្លៃព្យាបាលទាំងស្រុង និងសូមបួងសួងដល់ក្មួយស្រី​ សៀង​ ស្រីអូន​ ឆាប់បានជាសះស្បេីយឡេីងវិញ»​។

លោកស្រី អគ្គលេខាធិការរងទី​១​ ក៏បានពាំនាំនូវការថ្លែងអំណរគុណពីសំណាក់​ សម្តេច ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដល់ក្រុមគ្រូពេទ្យ​នៃមន្ទីរពេទ្យកាលម៉ែត ដែលបានខិតខំអស់ពីចិត្តពីថ្លេីមជួយសង្គ្រោះអាយុជីវិតក្មួយស្រីរងគ្រោះ​ និងសូមផ្តាំផ្ញេីដល់ក្រុមគ្រូពេទ្យបន្តយកចិត្តទុកដាក់​ ខិតខំឱ្យអស់ពីសមត្ថភាពដេីម្បីជួយព្យាបាលក្មួយស្រីឱ្យជាសះស្បេីយ។

ទន្ទឹមនឹងនេះ​ លោកស្រី បានពាំនាំនូវការអំពាវនាវពីសំណាក់​សម្តេច ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដល់ក្រសួងសុខាភិបាល​ សូមពិនិត្យមេីលពីគុណភាពសុខាភិបាលតាមបណ្តាគ្លីនិក និងពង្រឹងពីសមត្ថភាព​ វិជ្ជាជីវៈ​ និងក្រមសីលធម៌របស់គ្រូពេទ្យ​ ដេីម្បីផ្តល់ក្តីសង្ឃឹម​ ភាពជឿទុកចិត្ត​ និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលទៅរកសេវាសុខាភិបាល។

​លោក​ ផេង​ វឿន​ អាយុ​ ២៨ឆ្នាំ​ ត្រូវជាស្វាមីរបស់ស្ត្រីរងគ្រោះ​ មានក្តីរំភើបដល់ស្រក់ទឹកភ្នែក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់​ គិតគូរ ជាពិសេសការលើកទឹកចិត្ត​ ផ្តល់ក្តីសង្ឃឹមតទៅមុខទៀត និងសូមជូនពរសម្តេច ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសម្តេចតេជោ​ ព្រមទាំងក្រុមគ្រួសារ​ សូមមានសុខភាពល្អ​ កម្លាំងមាំមួន​ អាយុយឺនយូរ​ ដេីម្បីបន្តជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនជាកូនចៅ​តរៀងទៅ៕
ដោយ៖ គង់ សេដ្ឋាមុនី