សម្តេចតេជោ ជំរុញអ្នកវិនិយោគឥណ្ឌូនេស៊ីទិញស្រូវកម្ពុជា

ភ្នំពេញ ៖ ខណៈស្រូវនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យកសិករសម្រុកច្រូតកាត់ទាន់រដូវមកដល់ ហើយតម្លៃហាក់មិនបានថ្លៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឲ្យអ្នកវិនិយោគឥណ្ឌូនេស៊ីដាក់វិនិយោគលើផ្នែកនេះ។

ការជំរុញរបស់សម្តេចធ្វើឡើងតាមរយៈលោកស្រីពាន់ ម៉ាហារ៉ានី(PUAN MAHARANI) ប្រធានរដ្ឋសភា ឥណ្ឌូនេស៉ី ក្នុងជំនួបនាព្រឹកថ្ងៃ២៤ វិច្ឆិកា។

តាមរយៈជំនួបនោះ សម្ដេចតេជោបានស្នើឲ្យមានការពិនិត្យលទ្ធភាពក្នុងការជំរុញអ្នកវិនិយោគពីឥណ្ឌូនេស៊ី មកដាក់ទុនវិនិយោគនៅកម្ពុជា ដូចជាការសាងសង់ឃ្លាំង សង់រោងម៉ាស៊ីនសម្ងួត និងម៉ាស៊ីនកិនស្រូវ ក្នុងប្រមូលទិញស្រូវពីប្រជាកសិករ ដើម្បីធ្វើការសម្ងួត កិន និងនាំចេញទៅកាន់ឥណ្ឌូនេស៊ី ហើយក្រុមហ៊ុនឥណ្ឌូនេស៊ីអាចសហការ ជាមួយកសិករកម្ពុជាឲ្យដាំដំណាំស្រូវដែលក្រុមហ៊ុនត្រូវការផងដែរ។

ជាមួយគ្នានេះដែរ សម្ដេចតេជោថា ការតភ្ជាប់តាមរយៈជើងហោះហើររវាងប្រទេសទាំងពីរ អាចជំរុញទំនាក់ទំនងរវាងសភា និងសភា និងប្រជាជន និងប្រជាជន រួមទាំងការជំរុញវិស័យទេសចរណ៍ផងដែរ៕ ដោយ៖ រិន ចំរើន