YouTube អនុញ្ញាតឲ្យអ្នកផលិតវិដេអូនៅកម្ពុជា អាចរកចំណូលបានវិញ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសឲ្យដឹងថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន YouTube បានដាក់ឲ្យដំណើរការផ្លូវការ “កម្មវិធីភាពជាដៃគូ” (YouTube Partner Program) នៅកម្ពុជាដែលអនុញ្ញាតឲ្យអ្នកផលិតមាតិកា YouTube កម្ពុជាអាចរកចំណូលបានវិញ។

ក្រៅពីទទួលបានផលប្រយោជន៍ដូចខាងលើនេះហើយ ក៏ផ្តល់ឱកាសចូលទៅប្រើប្រាស់មុខងារសំខាន់ៗ និងធនធានជាច្រើនរបស់ YouTube ផងដែរ ។

ការដាក់ឲ្យដំណើរការផ្លូវការ “កម្មវិធីភាពជាដៃគូ” នៅកម្ពុជានេះ បន្ទាប់ពីមានផ្អាកការផ្ដល់សេវារកចំណូល (Monetization) លើថ្នាលវិដេអូ YouTube នៅកម្ពុជា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងនៅថ្ងៃ២៤ វិច្ឆិកា។

ពាក់ព័ន្ធបញ្ហានេះ ក.ប.ទ. បានទាក់ទងនិងសហការជាមួយតំណាង YouTube ដើម្បីស្វែងរកដំណោះស្រាយបញ្ហានេះ ជូនអ្នកផលិតមាតិកា YouTube ។

ក្នុងនោះក្រសួងប្រៃសណីយ៍ នឹងបន្តសហការជាមួយក្រុមហ៊ុន YouTube និងក្រុមហ៊ុននានាដែលមានថ្នាលវិដេអូ នៅលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីរៀបចំកម្មវិធីបណ្ដុះបណ្ដាល ដល់អ្នកផលិតមាតិកាដូចដែលបានធ្វើកន្លងមក សំដៅពង្រឹងសមត្ថភាពក្នុងការផលិតមាតិកាល្អៗ គោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគំនិតច្នៃប្រឌិត ផ្ដល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជនដូចជាការអប់រំ កំសាន្ដ បច្ចេកវិទ្យាឌីជីថល ធុរកិច្ច និងនវានុវត្តន៍ជាដើម ។ ទាំងនេះជាផ្នែកមួយជួយជំរុញ ដល់បរិវត្តកម្មសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា៕ ដោយ៖ រិន ចំរើន