ព្រឹទ្ធសភាកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការរវាង អាស៊ែបៃហ្សង់-កម្ពុជា ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា ព្រឹទ្ធសភាសូមគាំទ្ររាល់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងសំណូមពរឱ្យបន្តពិភាក្សាគ្នាដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ហើយចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពចេញជាលទ្ធផលជាក់ស្តែង ដើម្បីជាគុណប្រយោជន៍ក្នុងការអភិវឌ្ឍប្រទេសទាំងពីរប្រកបដោយវឌ្ឍនភាព។

ក្នុងនោះ ព្រឹទ្ធសភាកម្ពុជា ស្នើសុំអញ្ជើញតំណាងសភាអាស៊ែបៃហ្សង់ ចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ ការស្នើឡើងនេះ នៅឯវិមានព្រឹទ្ធសភា ខណ:ពេលដែល សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Sahiba Gafarova ប្រធានរដ្ឋសភានៃសធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសដែលលោកស្រី ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបពិភាក្សានេះ លោកស្រី ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាកម្ពុជាថា ប្រទេសទាំងពីរមានឯកសារសំខាន់ចំនួន០៣ កំពុងពិភាក្សា ហើយឯកសារចំនួន២ត្រូវបានចុះហត្ថលេខារួចហើយ។ សភានៃប្រទេសទាំងពីរត្រូវតែមានទំនាក់ទំនងល្អជាមួយគ្នា ដើម្បីជួយដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។ លោកស្រី បានថ្លែងអំណរគុណចំពោះសភាកម្ពុជា ដែលបានគាំទ្រសភាអាសាបៃហ្សង់ជាអ្នកសង្កេតការណ៍ពេញសិទ្ធិនៃមហាសន្និបាតអន្តរសភាអាស៊ាន។

ស្របពេលតែមួយជាមួយគ្នានេះ ព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិ- ការល្អជាមួយលោកស្រីក៏ដូចជាសភាអាស៊ែបៃហ្សង់ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេស ប្រជាជនទាំងពីរ និងសភាទាំងពីរ ដោយខិតខំជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិនៃអន្តរសភា ជាអាទិ៍ក្នុងក្របខ័ណ្ឌបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ សភាកម្ពុជាគាំទ្រ និងសហការពេញលេញជាមួយបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ និងតាមរយៈក្របខ័ណ្ឌពហុភាគីនៃបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធជាមួយ AIPA, IPU និងក្របខ័ណ្ឌផ្សេងទៀត។

សូមជម្រាបជូនថា សាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលបានចាត់សមាជិក សភាចំនួន ០២រូប ចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នៅកម្ពុជា។ អ្នកសង្កេតការណ៍អន្តរជាតិ រួមនឹងអ្នកសង្កេតការណ៍អាស៊ែបៃហ្សង់បានវាយតម្លៃខ្ពស់ អំពីបរិយាកាសបោះឆ្នោតនៅកម្ពុជា ថាបានប្រព្រឹត្តទៅដោយសន្តិភាព គ្មានអំពើហិង្សា មានលក្ខណៈ សេរី ត្រឹមត្រូវ យុត្តិធម៌ និងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ៕ ដោយ៖ សៀង ហៃ