សម្តេចតេជោ ប្រាប់អាមេរិកម្តងទៀតថា កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសលើទឹកដីខ្លួនឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជំហរប្រាប់តំណាងរាស្ត្រសហរដ្ឋអាមេរិកសារជាថ្មីថា កម្ពុជាមិនអនុញ្ញាតឲ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយ នៅលើទឹកដីកម្ពុជាឡើយ។

ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីលោកហ្គ្រឺហ្គូរី មីក (Gregory W. Meeks) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានសម្តែងក្តីកង្វល់របស់សហរដ្ឋអាមេរិកទាក់ទងនឹងមូលដ្ឋានកងទ័ពបរទេសនៅកំពង់ផែសមុទ្ររាម ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ ចេញផ្សាយនៅថ្ងៃ២៤ វិច្ឆិកាក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេច និងលោកតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក នាថ្ងៃ២៣ វិច្ឆិកាថា “សម្តេចតេជោបានអះអាងបញ្ជាក់ជាថ្មីពីជំហរម៉ឺងម៉ាត់របស់កម្ពុជា មិនអនុញ្ញាតឲ្យមានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅលើ ទឹកដីកម្ពុជា ដូចដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ និងបានធានាអំពីតម្លាភាពក្នុងការប្រើប្រាស់កំពង់ផែនេះផងដែរ”។

នេះមិនមែនជាលើកដំបូងនោះទេដែលសម្តេចក៏ដូចជាមន្រ្តីជាន់ខ្ពស់ផ្សេងទៀត បានបដិសេធចំពោះការចោទប្រកាន់ពីភាគីអាមេរិក ព្រោះជារឿយៗអាមេរិកតែងតែលើកពីបញ្ហាកំពង់ផែរាម នៅព្រះសីហនុ ថា កម្ពុជាផ្តល់ឲ្យភាគីចិនបោះមូលដ្ឋានទ័ព ៕ ដោយ៖ រិន ចំរើន