ក្រសួងមហាផ្ទៃឈ្នះមេដាយមាស និងប្រាក់ ថ្ងៃបើកឆាកកីឡារាំ ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣

ភ្នំពេញ៖ ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ លើប្រភេទកីឡារាំ បានបើកការប្រកួតជាផ្លូវការ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្តមានលោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា ដោយក្រសួងមហា ផ្ទៃក្តោបក្តាប់មេដាយមាស និងប្រាក់ នៅថ្ងៃបើកឆាកថ្ងៃដំបូងនេះ។

ថ្ងៃដំបូងនៃការប្រកួតកីឡារំា ដែលលេងបាន១វិញ្ញាសា ចង្វាក់ក្បាច់ Standard 5 Dance (កម្រិត A) បានបញ្ចប់ដោយមេដាយមាសបានទៅលើ កីឡាករ សាន រ៉ូហ្សា និងកីឡាការិនី ភុន ស៊ីវុត្រា មកពីក្រសួងមហាផ្ទៃ, មេដាយប្រាក់បានទៅលើ កីឡាករ សេង សុគីម និងកីឡាការិនី ម៉ូវ ដានីតា មកពីក្រសួងមហាផ្ទៃ ខណៈមេដាយសំរឹទ្ធិ បានទៅលើកីឡាករ កីឡាការិនី សេង សុគ័ង និង ឱ រចនី មកពីខេត្តកណ្តាល។
លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធបញ្ជាក់ថា ការប្រកួតនេះមានប្រតិភូកីឡាករ កីឡាការិនីសរុប ៣៩នាក់ មកពី៤ក្រសួង-ខេត្ត ដោយប្រកួតលើវិញ្ញាសាចំនួន៤ គឺវិញ្ញាសារាំគូ Latin 5 Dance (កម្រិត A), វិញ្ញាសារាំគូ Standard 5 Dance (កម្រិត A), វិញ្ញាសា Breaking Dance B Boy 1 និងវិញ្ញាសា Breaking Dance B Girl 1។

ការរៀបចំប្រកួតនៃកីឡាជាតិ លើកទី៣នេះ គឺក្នុងគោលបំណងត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងធ្វើការផ្សព្វផ្សាយ ដើម្បីអភិវឌ្ឍន៍កីឡារាំកម្ពុជាឱ្យដូចបណ្តាលប្រទេសនានា បង្កើតឱកាសឱ្យយុវវ័យបង្ហាញ នូវជំនាញរាំអន្តរជាតិពិតប្រាកដ និងជំរុញលើកទឹកចិត្តឱ្យយុវវ័យ ចេះហ្វឹកហាត់ជាក្រុម ដើម្បីបញ្ចេញភាពស្រស់ស្អាត និងជំនាញរាំទំនើបទាន់សម័យ។ តាមរយៈព្រឹត្តិការណ៍កីឡាជាតិនេះ ក៏បានដុសខាត់សមត្ថភាពមន្ត្រីរៀបចំបច្ចេកទេស ឱ្យកាន់តែល្អប្រសើរ ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ផងដែរ។

លោកស្រីអគ្គលេខាធិការបន្ថែមថា ពិសេសកម្មវិធីរបស់សហព័ន្ធ នឹងផ្ដល់ឱកាសដល់យុវជន និងយុវនារីដែលមានទេពកោសល្យ និងជំនាញរាំច្បាស់លាស់ ឱ្យក្លាយជាកីឡាករ កីឡាការិនីជាតិរបស់សហព័ន្ធ ដើម្បីទទួលបានការហ្វឹកហាត់បន្ថែម ពីសហព័ន្ធជាតិ និងអន្តរជាតិ។ ក្នុងនោះផងដែរក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយឧបត្ថម្ភគាំទ្រទាំងថវិកា និង កម្លាំងកាយចិត្តពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការ CAMSOC គណៈកម្មការជាតិអូឡាំពិកកម្ពុជា លោកស្រីប្រធាន លោកស្រីអនុប្រធាន លោកឧកញ៉ាអនុប្រធាន លោកគ្រូ អ្នកគ្រូ និងក្រុមគណៈកម្មការទាំងអស់ នៃសហព័ន្ធកីឡារាំកម្ពុជា ៕ ដោយ៖ គង់ សេដ្ឋាមុនី