ភ្នំពេញ៖ កម្ពុជាបើកការដ្ឋានសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេ នៅរាជធានីភ្នំពញអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ និងកសាងធនធានមនុស្សបន្ថែមទៀត ដើម្បីចូលរួមការស្ដារវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែមានគុណភាព ភាពប្រកួតប្រជែង និងចីរភាព បន្ទាប់ពីវិបត្តិកូវីដ-១៩។
ពិពីបើការដ្ឋានសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះនៅ ថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ ក្រោមវត្តមាន លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង លោក Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន ២ទីតាំង គឺនៅរាជធានីភ្នំពេញ ១ទីតាំង និងនៅខេត្តព្រះសីហនុ ១ទីតាំង ដោយចំណាយថវិកាសរុបចំនួន១១លានអឺរ៉ូ ដែលជាហិរញ្ញប្បទានឥណទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។
លោកបន្តថា គម្រោងសាងសង់សាលាជាតិនេះនឹងដើរតួសំខាន់ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ និងកសាងធនធានមនុស្សបន្ថែមទៀត ដើម្បីចូលរួមការស្ដារវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែមានគុណភាព ភាពប្រកួតប្រជែង និងចីរភាព បន្ទាប់ពីវិបត្តិកូវីដ-១៩។
បើតាម លោក ថោង ខុន សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញនេះ មានសំណង់មាន ០២អាគារ ខាងមុខមានកំពស់ ២ជាន់ ខាងក្រោយកំពស់ ៤ជាន់ ក្នុងនោះរួមមាន៖ បន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ បន្ទប់អនុវត្តគំរូ សម្រាប់សេវាកម្មសណ្ឋាគារ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មធ្វើដំណើរ និងទេសចរណ៍ មានបណ្ណាល័យ ភោជនីយដ្ឋាន និងបន្ទប់សង្គ្រោះបថម បន្ទប់ដាក់សម្ភារ ចំណតរថយន្ត ប្រព័ន្ធការពារហានិភ័យ និងលំហបៃតងជាដើម។
លោកបន្ថែមថា អគារសាលាជាតិវិជ្ជាជិវៈទេសចរណ៍នេះ អាចដាក់សិស្សបានប្រមាណ ៦០០នាក់ បន្ទាប់ពីសំណង់អគារសាលាត្រូវបានសាងសង់រួចរាល់ សាលាគ្រោងនឹងទទួលសិស្សចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ និងវគ្គផ្សេងៗទៀតនៅឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ៣០០នាក់នៅភ្នំពេញ ។
សាលាជាតិវិជ្ជាជីវៈទេសចរណ៍នឹងដាក់ចេញកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ០៤ផ្នែក សំខាន់ៗរួមមាន៖ (១) ផ្នែកសេវាកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ (២)ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (៣)ផ្នែកសេវាកម្មធ្វើ ដំណើរ និង(៤) ផ្នែកសេវាកម្មទេសចរណ៍ទៅកម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល២ឆ្នាំ និងមានវគ្គបណ្តុះបណ្តាលបន្ត និងខ្ចី និងជាមជ្ឈមណ្ឌលវាយតម្លៃស្របតាមស្តង់ដាជាតិ និងអាស៊ានផងដែរ៕ ដោយ៖ ពុទ្ធិពល