សម្ដេចតេជោ​ ៖ ទំនាក់ទំនងកម្ពុជា-អាមេរិក​ នៅពេលនេះ ល្អជាងពេលណាៗទាំងអស់

ភ្នំពេញ​ ៖​ ហាក់ដូចជាលើកដំបូងដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា​ ទំនាក់ទំនងរវាងកម្ពុជា-អាមេរិកនៅពេលនេះ គឺល្អជាងពេលណាៗទាំងអស់។

ការបញ្ជាក់ពីទំនាក់ទំនងដ៏ល្អនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារវាង​សម្តេចតេជោ ជាមួយលោក Gregory W. Meeks ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក​ នាថ្ងៃទី២៣​ ខែវិច្ឆិកា​ ឆ្នាំ២០២២​។

លោក​ អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងក្រោយជំនួបថា នៅក្នុងជំនួបនេះ លោក Gregory W. Meeks បានកោតសរសើរសម្ដេចដែលបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចប្រជុំអាយប៉ាបានល្អ ក្នុងពេលពិភពលោកកំពុងមានបញ្ហាតានតឹងខាងភូមិសាស្ត្រ នយោបាយ។

លោកបន្តថា លោក​ Gregory W. Meeks មកកាន់កម្ពុជានាពេលនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាយប៉ា ក្នុងគោលបំណងពង្រីកទំនាក់ទំនងជាមួយកម្ពុជាបន្ថែមទៀត តាមរយៈការអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធរបស់លោក​ប្រធានាធិបតី ចូ បៃដិន, តាមរយៈការអញ្ជើញមករបស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិ មកចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិ និងតាមរយៈការចូលរួមកិច្ចប្រជុំអាយប៉ា ដែលលោកស្រីអនុប្រធានាធិបតី បានសម្ដែងនូវការរីករាយយ៉ាងខ្លាំង ដែលរូបលោក បានជួបសន្ទនាជាមួយសម្ដេចតេជោ គឺជាការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះកម្ពុជា និងអាស៊ាន ដើម្បីជួយពង្រឹងគ្នាទៅវិញទៅមកទាំងផ្នែកនីតិបញ្ញត្តិ និងផ្នែកនីតិប្រតិបត្តិ ។

ស្តាប់តាមការលើកឡើងនេះហើយ សម្ដេចតេជោ បានថ្លែងអំណរគុណឋអាមេរិកបានគាំទ្រកម្ពុជាក្នុងភាពជាប្រធានអាស៊ាន រៀបចំឱ្យមានកិច្ចប្រជុំកំពូលនៅសហរដ្ឋអាមេរិកផង និងមកចូលរួមកិច្ចប្រជុំនៅកម្ពុជាផង។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានរៀបចំឱ្យមានជំនួបរវាងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីការពារជាតិចិន នៅទីក្រុងសៀមរាបទៀតផងដែរ។

សម្ដេចតេជោ​បញ្ជាក់ថា​ “ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា នៅពេលនេះ គឺល្អជាងពេលណាៗទាំងអស់, សហរដ្ឋអាមេរិកនៅពេលនេះ មានស្ថានទូតដ៏ល្អមួយដែលកន្លងមកមិនធ្លាប់មាន ហើយចំណែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរវិញ គឺមានការកើនឡើងប្រមាណ១៨ភាគរយ ជាមួយនឹងវត្តមានរបស់ក្រុមហ៊ុនហ្វត (Ford) និងក្រុមហ៊ុនជីអ៊ី (GE) ដែលកំពុងប្រតិបត្តិការយ៉ាងសកម្មនៅព្រះរាជាណាចក្រកម្ពុជាផងដែរ”៕ ដោយ៖ រិន ចំរើន