ភ្នំពេញ៖ សម្តេចហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងប្រធានសភាបណ្តាប្រទេសសមាជិកអាយប៉ា(AIPA) នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញវាយកូនហ្គោល ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពគ្រួសារអាយប៉ាឱ្យកាន់ តែរឹងមាំឡើងបន្ថែមទៀត។ កីឡានាំមកនូវសុខភាពនិងមិត្តភាព។
យោងតាមបណ្តាញសង្គមរបស់រដ្ឋសភាកម្ពុជាបានលើកឡើងថា ការវាយកូនហ្គោលនេះជាប្រពៃណី ថ្នាក់ដឹកនាំសភាសមាជិកអាយប៉ា តែងតែឆ្លៀតឱកាសនៅក្នុង មហាសន្និបាតប្រចាំឆ្នាំ លេងកីឡារួមគ្នានៅក្នុងការពង្រឹងចំណងមិត្តភាពនិងសាមគ្គីភាព រវាង ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិក្នុងគ្រួសារអាយប៉ា។ មហាសន្និបាតអន្តរសភាអាស៊ាន លើក ទី៤៣ បានប្រារព្ធធ្វើក្រោមមូលបទ “បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់” ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
អន្តរសភាអាស៊ាន(AIPA) ជាវេទិកាសភាបណ្ដាប្រទេសជាសមាជិកអាស៊ានដែល បានប្រមូលផ្តុំនូវមតិ យោបល់ និងទស្សនៈរបស់តំណាងពលរដ្ឋ ក្នុងការលើកកម្ពស់យន្ត ការសភា ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីដោះ ស្រាយ បញ្ហារួម ដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោក សំដៅធានាឱ្យ មានសន្តិសុខ ស្ថិរភាព និងវិបុលភាពប្រកដោយចីរភាព។ សមាជិករបស់ AIPA រួមមាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕ ដោយ៖ គង់ សេដ្ឋាមុនី