រុស្ស៊ី ស្នើដល់រដ្ឋាភិបាល និងសភានៃប្រទេសទាំងពីរ ត្រូវយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងថែមទៀតដល់ការអភិវឌ្ឍទំនាក់ទំនង

ភ្នំពេញ៖ រុស្ស៊ី បានស្នើដល់រដ្ឋាភិបាល និងសភានៃប្រទេសទាំងពីរ ត្រូវយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងថែមទៀតដល់ការអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការអភិវឌ្ឍធនធានមនុស្ស។ក្រៅពីនេះ ប្រទេសទាំងពីរគួរតែអនុវត្តឱ្យកាន់តែស៊ីជម្រៅក្នុងក្របខណ្ឌគណៈកម្មការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិជ្ជាជីវៈ និងបច្ចេកទេសនិងសូមឱ្យក្រុមការងារជាន់ខ្ពស់លើគម្រោងវិនិយោគអាទិភាព ចាប់ផ្តើមការងារឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ការស្នើឡើងនេះខណ:ពេល លោក ទេព ងន អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជា បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សី ក្នុងឱកាសដែលលោក Konstantin Kosachev ដឹកនាំគណៈប្រតិភូអញ្ជើញមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា។

លោក Konstantin Kosachev បានស្នើសុំឱ្យក្រុមមិត្តភាពសភានៃប្រទេសទាំងពីរ បន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។ ក្នុងនោះ ក្រុមមិត្តភាពនៃប្រទេសទាំងពីរ អាចរៀបចំឱ្យមានកិច្ចប្រជុំរវាងប្រធានសភានៃប្រទេសទាំងពីរ ទាំងនៅប្រទេសរុស្ស៊ី និងប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកបានស្នើបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និតថែមទៀតរវាងអាយប៉ា ជាមួយនឹងសភានៃបណ្តារដ្ឋចំនួន៩រដ្ឋដែលជាអតីតសហភាពសូវៀត។

លោក បានអះអាងថា ប្រទេសរុស្ស៊ីត្រៀមបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកប្រទេសកម្ពុជានៅឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងជួបពិភាក្សាការងារទ្វេភាគីនេះ លោក ទេព ងន បានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាសូមគាំទ្រ និងលើកទឹកចិត្តដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវកិច្ចព្រមព្រៀង អនុស្សរណៈយោគយល់ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានសម្រេចរួមគ្នានាពេលកន្លងទៅ ដែលឈរលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្តរជាតិ ហើយផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

លើសពីនេះ លោក ទេព ងន បានកត់សម្គាល់ឃើញថា នាពេលបច្ចុប្បន្ននេះ ការទូតសភាកាន់តែមានសារៈសំខាន់ខ្លាំងឡើង និងសកម្មក្នុងកិច្ចសហប្រតិបត្តិការ ពហុភាគីនិយម ដើម្បីរួមចំណែកដោះស្រាយបញ្ហាវិវត្តប្រែប្រួលស្មុគស្មាញដ៏ឆាប់រហ័ស និងគ្រោះថ្នាក់ ពិបាកប៉ាន់ស្មាននៃការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ ដែលបង្កឱ្យមានសង្គ្រាមនៅតាមតំបន់នានា អសន្តិសុខ វិបត្តិស្បៀង ថាមពល និងបញ្ហាបរិស្ថាន។ សកម្មភាពឆ្លើយតបត្រូវធ្វើរួមគ្នាដោយបុរេសកម្ម និងជាក់ស្តែង ដោយស្មារតីគោរពផលប្រយោជន៍ អធិបតេយ្យភាព ឯករាជ្យភាពទៅវិញទៅមក និងគោរពនូវគុណតម្លៃច្បាប់អន្តរជាតិ ឈានទៅកសាងតំបន់និង ពិភពលោក ប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍយូរអង្វែងសម្រាប់កូនចៅយើងជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។

ក្នុងនោះ លោក ទេព ងន បានលើកឡើងនូវបញ្ហានៅអ៊ុយក្រែន និង បានគូសបញ្ជាក់ថា កម្ពុជាផ្តល់សារៈសំខាន់ដល់ការចរចា និងជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធី ពីព្រោះសង្គ្រាមពុំមែនជាដំណោះស្រាយនៃវិបត្តិទេ ។ កម្ពុជាបានធ្លាក់ទៅក្នុងភ្លើងសង្គ្រាមជាបន្តបន្ទាប់ចាប់តាំងពីចុងទសវត្សរ៍៦០ ហើយបានប្រយុទ្ធគ្នាអស់ជាច្រើនឆ្នាំ ប៉ុន្តែមិនអាចរកឃើញជ័យជម្នះ និងសន្តិភាពជាស្ថាពរបានទេ៕ ដោយ៖ សាន សៀងហៃ