រាជរដ្ឋាភិបាល បញ្ចេញ១០លានដុល្លារថែមទៀត ប្រមូលទិញស្រូវ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានសម្រេចផ្តល់ថវិកាបន្ថែម ទៀតចំនួន១០លានដុល្លារ សម្រាប់ប្រមូលទិញស្រូវនៅកម្ពុជា។

ការបញ្ចេញថវិកាបន្ថែម លើថវិកាមានស្រាប់ក្នុងមូលបិធិ៨៣លានដុល្លារនេះ ស្របពេលតម្លៃស្រូវមានការ ប្រែប្រួលនៅតាមបណ្តាខេត្តផលិតស្រូវមួយចំនួន ពិសេសខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយសារចំរដូវប្រមូលផលធំ ហើយច្រូតកាត់ព្រមគ្នា ជាហេតុធ្វើឱ្យបរិមាណស្រូវដែលត្រូវលក់មានចំនួនច្រើនក្នុងពេលតែមួយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២១ វិច្ឆិកា បានឱ្យដឹងថា «ដើម្បីជំរុញការប្រមូលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ បានគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងបានសម្រេចផ្តល់ថវិកាបន្ថែមចំនួន១០លានដុល្លារអាមេរិក លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃ សមស្រប ជៀសវាងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន»។

ធនាគារអភិវឌ្ឍន៍ជនបទ ក៏បានអំពាវនាវឱ្យប្រជាកសិករតាមតំបន់ដែលត្រូវប្រមូលផលស្រូវ ដាក់កម្មវិធីច្រូតកាត់ជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់របស់ខ្លួន ដើម្បីជៀសវាងការប្រមូលផលក្នុងពេលតែមួយព្រមគ្នា ដែលអាចបណ្តាលឱ្យមានការបង្អាប់ថ្លៃស្រូវ៕ ដោយ៖ រិន ចំរើន