ភ្នំពេញ៖ កីឡាករ កីឡាការិនីគុនល្បុក្កតោចំនួន៨នាក់ដណ្តើមបានមេដាយមាស១គ្រឿង និងមេដាយប្រាក់៤គ្រឿង នៅក្នុងការប្រកួតកីឡាយុទ្ធសិល្ប៍ក្បាច់គុនពិភពលោក-IMAC (International Martial Arts Contest)លើ៧វិញ្ញាសា នៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយតំណាងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានចាត់ទុកថា នេះជាពន្លឺបន្ថែមនៃភាពរីកចម្រើនឆ្ពោះទៅជោគជ័យ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះ។
លោក អួរ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានឱ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា គណ:កម្មាធិការរៀបចំការប្រកួតបានបែងចែកចំណាត់ថ្នាក់ជា៥គឺលេខ១ដល់លេខ៥ដោយកីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជាដណ្តើមបានលទ្ធផលដូចជា៖ ១កីឡាការិនីពិធីច័ន្ទឆវី មេដាយមាស លើវិញ្ញាសាទ្វារមេគុនអាវុធ។ ២.កីឡាករ គីម ទិត្យ សុវឌ្ឈន: មេដាយប្រាក់ ទ្វារមេគុនអាវុធ។ ៣.កីឡាករ អោក រិតធានី និងកីឡាករ យ៉ឹម វុត្ថា មេដាយប្រាក់ ទ្វារមេគុនដៃក្រុម។ ៤.កីឡាករ អ៊ៃ សំអុន និង កីឡាការិនី ស៊ិន សៀវសៀន មេដាយប្រាក់ ទ្វារមេគុនអាវុធក្រុម។ ៥.កីឡាករ អ៊ៃ សំអុន, គីម ទិត្យសុវឌ្ឍនៈ, ពេជ្រ ពន្លឺ, អោក រិតធានី, យ៉ឹម វុត្ថា, ស៊ិន សៀវសៀន, យស សញ្ចនា និងពុធ ចាន់ឆវី មេដាយប្រាក់លើវិញ្ញាសាសម្តែងជាក្រុម។ ៦.កីឡាករ ពេជ្រ ពន្លឺ ទទួលបានចំណាត់ថ្នាក់លេខ ៤ទ្វារមេគុនដៃ។ ៧.កីឡាការិនី យស សញ្ចនា ដណ្តើមបានលេខ៥ លើវិញ្ញាសាទ្វារមេគុនដៃ។
លោក អួរ តារា បានឱ្យដឹងទៀតថា នៅឆ្នាំ២០២២នេះ សម្ព័ន្ធកីឡាយុទ្ធសិល្ប៍ពិភពលោក (World Martial Art Union) បានរៀបចំការប្រកួត International Martial Arts Contest នេះ ដោយមាន១០ប្រទេសចូលរួមប្រកួតប្រជែង បន្ទាប់ពីព្រឹត្តិការណ៍ដូចគ្នានេះបានរៀបចំប្រកួតតាមប្រព័ន្ធអនឡាញ កាលពីឆ្នាំ២០២១។ លោកបន្ដថា សម្រាប់ការចូលរួមប្រកួតរបស់ក្រុមគុនល្បុក្កតោកម្ពុជាចំនួន១០ (គ្រូបង្វឹក២រូប) រូបត្រូវបានបញ្ជូនដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
លោកអគ្គលេខាធិការរងរូបនេះបានអះអាងយ៉ាងដូច្នេះថា «បើយើងពិនិត្យមើលលើលទ្ធផលជាមេដាយមាស និងមេដាយប្រាក់ចំនួន៥គ្រឿង ក្នុងព្រឹត្តិការណ៍ក្បាច់គុនពិភពលោកនេះ គឺជាផលវិជ្ជមាននៃភាពរីកចម្រើនលើគុណភាពបច្ចេកទេសបន្ថែមរបស់កីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជា ក្នុងដំណើរត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា»៕ដោយ៖ គង់ សេដ្ឋាមុនី