សម្ដេចតេជោ ឲ្យកីឡាករ-កីឡាការិនីគោរពតាមបទបញ្ជា ត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ទាំងអស់ ត្រូវគោរពតាមបទបញ្ជា នៃការប្រកួតកីឡាជាប្រចាំ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាឆ្នាំ២០២៣ ។

នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការ លើកទី១ នាយប់ថ្ងៃ២១ វិច្ឆិកា សម្ដេចតេជោ បានថ្លែងថា «ដើម្បីលើកកម្ពស់វិស័យកីឡា និងត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗកីឡាករ-កីឡាការិនី ទាំងអស់ សូមគោរពតាមបទបញ្ជានៃការប្រកួតកីឡាជាប្រចាំដើម្បីលើកកម្ពស់យុត្តិធម៌ ក្នុងការប្រកួត សេចក្តីថ្លៃថ្នូរ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការប្រកួត ពីព្រោះថាកីឡាមាន ស្តង់ដារ បទបញ្ជាត្រឹមត្រូវតែមួយដែលផ្ទុយទៅ នឹងការប្រកួតប្រជែងក្នុងផ្នែកនយោបាយ»។

សម្ដេចតេជោបន្ថែមទៀតថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេសគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេមឆ្នាំ២០២៣ ត្រូវបង្កើនកិច្ចសហការការបណ្ដុះបណ្ដាល និងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិតខ្ពស់ដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួមកាន់តែទូលំទូលាយប្រកបដោយសមត្ថភាពខ្ពស់ ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ និងព្រឹត្តិការណ៍នៃការប្រកួតកីឡាជាអន្តរជាតិនានានៅថ្ងៃអនាគត៕ ដោយ៖ រិន ចំរើន