ឃុំខ្លួនអតីតស្មៀនសង្កាត់តាខ្មៅ ពាក់ព័ន្ធកិបកេងលុយរដ្ឋជាង៦០លានរៀល

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃតុលាការខេត្តកណ្តាល នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានសម្រេចបញ្ជូនលោក សុខ សុផា ជាអតីតស្មៀនសាលាសង្កាត់តាខ្មៅ ទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ករណីជាប់ពាក់ព័ន្ធស៊ីដាច់ ប្រាក់ជាង៦០លានរៀល ពីកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន របស់ចៅក្រមស៊ើបសួរ បានឱ្យដឹងថា នៅក្នុងករណីនេះ ជនត្រូវចោទឈ្មោះ សុខ សុផា ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ វីតិក្រម តាមបញ្ញត្តិមាត្រា៥៩៧ និងមាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ។

លោក សុខ សុផា អាចប្រឈមមុខនឹងការជាប់គុក ចន្លោះពី២ទៅ៥ឆ្នាំ ប្រសិនតុលាការរកឃើញពិរុទ្ធភាព។

សូមបញ្ជាក់ថា អតីតចៅសង្កាត់រូបនេះ បានឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ តាមបណ្តឹងរបស់ មន្ត្រីតំណាងឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដែលបានប្តឹងមកលោក សុខ សុផា មកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រព្រឹត្តអំពើទុច្ចរិតកិបកេងប្រាក់ និងស៊ីដាច់ ប្រាក់ពីកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩៕ ដោយ៖​ រិន ចំរើន