ភ្នំពេញ៖ លោក បណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និង ជាអ្នកជំនាញទស្សនវិជ្ជានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានបង្ហាញការយល់ឃើញថា បទទន្សោងគោព្រៃនៅតែត្រូវបានប្រទេសមហាអំណាចមិនដែលបានផ្លាស់ប្ដូរមហិច្ឆតារបស់ខ្លួនទេរហូតមកទល់នឹងពេលនេះ។
តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោក បណ្ឌិត ឈត ប៊ុនថង បានពន្យល់ដោយធ្វើការប្រៀបធៀបថា ១) តោ ខ្លា …ជាសត្វខ្លាំង ស៊ីសាច់សត្វដទៃជាអាហារ ចាប់និងសម្លាប់សត្វដទៃតាមធម្មជាតិឬសភាវគតិរបស់ខ្លួន (ច្បាប់ធម្មជាតិ)។
២) ប្រទេសមហអំណាច ដូចជា ចិន រុស្ស៊ី អាម៉េរិក ជាដើម ក៏តែងតែទាញផលចំណេញពីប្រទេសដែលទន់ខ្សោយជាងខ្លួនដែរតាំងសម័យអាណានិគមនិយម រហូតមកដល់បច្ចុប្បន្ននេះ ដោយគ្រាន់តែប្រើរូបភាព និងវិធីខុសគ្នាតែប៉ុណ្ណោះ។ ពួកគេមិនដែលនឹកអាណិតដល់ប្រជាជននៃប្រទេសតូចតាចទាំងនោះទេ។ (យោងតាមហេតុការណ៍សង្គម និងប្រវត្តិសាស្ត្ររបស់មនុស្សលោក)
#ហេតុនេះ ប្រទេសតូចៗទាំងអស់ ដែលជាកម្មវត្ថុរបស់ភូមិសាស្ត្រនយោបាយមហាអំណាច ជាអ្នកកំដរឆាកនៃវេទិកាប្រកួតប្រជែងអំណាចឬផលប្រយោជន៍របស់មហាអំណាច និងជាគ្រឿងផ្សំឬឧបករណ៍ជំនួយនៃល្បែងនយោបាយរបស់មហាអំណាច ត្រូវតែដឹងខ្លួន និងត្រូវលៃយ៉ាងណាធ្វើឱ្យខ្លួនឯងក្លាយទៅជាកម្មវត្ថុដែលស្មាតជាងមុន និងជាអ្នកកំដរ គ្រឿងផ្សំ ឬឧបករណ៍ជំនួយដែលសំខាន់និងចាំបាច់ ដែលអ្នកលេងល្បែងនយោបាយឬល្បែងប្រកួតប្រជែងអំណាចនិងផលប្រយោជន៍មិនអាចចោលបានឬមិនអាចខ្វះបាន៕
ដោយ៖ គង់ សេដ្ឋាមុនី