លោក ជុំ សុន្ទរី ៖ ទូតនៅវ៉ាស៊ីនតោន និងញូវយ៉ក កំពុងសម្របសម្រួល ករណីអាមេរិកឃាត់ខ្លួនមន្រ្តីរដ្ឋបាល ព្រៃឈើកម្ពុជា

ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការ បរទេសខ្មែរបានលើកឡើងថា ស្ថានទូតនៅរដ្ឋធានីវ៉ាស៊ីតោន និងញូវយ៉ក កំពុងសម្របសម្រួលតាមច្រកការទូត និងតាមផ្លូវច្បាប់ ដើម្បីការពារ និងស្វែងរកយុត្តិធម៌ឲ្យមន្រ្តីរដ្ឋបាលព្រៃឈើកម្ពុជាដែលត្រូវភាគីអាមេរិកឃាត់ខ្លួនក្នុងពេលកំពុងបំពេញបេសកកម្ម ។

លោក ជុំ សុន្ទរី បានឲ្យដឹងនៅថ្ងៃ១៨ វិច្ឆិកាថា «ចំពោះករណីមន្រ្តីរបស់យើង ត្រូវឃាត់ខ្លួននៅញូវយ៉ក ខ្ញុំសូមជំរាបថា ក្រសួងការបរទេស និងស្ថានទូតកម្ពុជានៅវ៉ាស៊ីនតោន និងញូវយ៉ក កំពុងធ្វើការសម្របសម្រួលតាមច្រកការទូត និងតាមផ្លូវច្បាប់ ដើម្បីការពារ និង ស្វែងរកយុត្តិធម៌ជូន មន្រ្តីរបស់យើង ដែលត្រូវបានឃាត់ខ្លួន ក្នុងពេលកំពុងបំពេញបេសកកម្មផ្លូវការ» ។

លោកថា ជាមួយគ្នានេះដែរ ស្ថានទូតកម្ពុជាក៏កំពុងស្វះស្វែង ដើម្បីបានចូលជួបសាម៉ីខ្លួន ហើយក៏កំពុងរកមេធាវីការពារក្តីផងដែរ ។

សូមបញ្ជាក់ថា លោក គ្រី ម៉ះផល ប្រធានរដ្ឋបាល ព្រៃឈើកម្ពុជា ត្រូវបានឃាត់ខ្លួននិងចោទប្រកាន់ពីបទសមគំនិតរត់ពន្ធសត្វស្លាក្ដាម ទៅសហរដ្ឋអាមេរិក នៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ឌេឌី ក្នុងរដ្ឋធានីញូវយ៉ក អំឡុងពេលលោកកំពុងរង់ចាំ បន្តដំណើរទៅចូលរួមកិច្ចប្រជុំ អនុសញ្ញាការពារសត្វនិងរុក្ខជាតិជិតផុតពូជ CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា ។ នេះបើតាមការប្រកាសចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លើគេហទំព័ររបស់ក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក ។

ក្រោយការចោទប្រកាន់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីថ្លែងការណ៍បង្ហាញការ សោកស្តាយ និងភ្ញាក់ផ្អើលនិងក្ដីទោមនស្សយ៉ាងខ្លាំង ហើយអះអាងថា នឹងចូលរួមដោះស្រាយ៕ ដោយ៖ រិន ចំរើន