កណ្ដាល៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្ដាលបានស្នើ៧ចំណុចឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងពលរដ្ឋបន្តយកចិត្តទុកដាក់។
ការស្នើរបស់ លោក អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងនិងពិធីបើកការដ្ឋានសាងសង់ស្ពានព្រែកកុងវាន់និងស្ថាបនាកំណត់ផ្លូវជាតិ៧០បេក្រាលកៅស៊ូ DBSTនិងដាក់លូសងខាងផ្លូវស្ថិតក្នុងឃុំពុកឫស្សី ស្រុកខ្សាច់ក ណ្តាល ខេត្តកណ្ដាលនៅថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២២។
ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្តាល លោក អូន ព័ន្ធមុន្នីរ័ត្ន បានស្នើឱ្យរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ រដ្ឋបាលស្រុកខ្សាច់កណ្តាល ក៏ដូចជាប្រជាពលរដ្ឋទូទៅ បន្តយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនដូចជា៖ ១-បន្តចុះមូលដ្ឋានឱ្យបានទៀងទាត់ជាប់ជាប្រចាំ និង ត្រូវបន្តសហការគ្នារៀបចំវេទិកាសាធារណៈនៅតាមឃុំនីមួយៗ។ រដ្ឋបាលស្រុក និង សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមគ្នាខិតខំ ដោះស្រាយសំណើ សំណូមពរ និង បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និង យុត្តិធម៌ ជាពិសេស សំណើ សំណូមពរ និង បញ្ហាប្រឈម ដែលត្រូវបានលើកឡើងក្នុងវេទិកាសាធារណៈនាពេលកន្លងមក។ ចំពោះសំណើ សំណូមពរ និង បញ្ហាប្រឈមទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួនត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីចាត់វិធានការដោះស្រាយ និង ឆ្លើយតបឱ្យបានឆាប់រហ័សទៅតាមលទ្ធភាពជាក់ស្តែង។
២-បន្តយុទ្ធនាការបង្រ្កាបលែ្បងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងខេត្ត ឱ្យបានជាប់ជាប្រចាំដូចភ្លៀងរលឹម ដោយត្រូវធ្វើឱ្យប្រាកដប្រជា ធ្វើឱ្យជាប់លាប់, កុំធ្វើម្តងកាល ដែលនាំឱ្យសកម្មភាពខុសច្បាប់ទាំងនោះកើតឡើងវិញ ពិសេស អាជ្ញាធរនៅមូលដ្ឋានមិនត្រូវជាប់ពាក់ព័ន្ធ ឬ ឃុបឃិតជាមួយអ្នកប្រព្រឹត្តល្បែងស៊ីសងក្នុងគ្រប់រូបភាពជាដាច់ខាត។ បើមិនដូច្នោះទេ នឹងត្រូវប្រឈមមុខនឹងវិធានការផ្លូវច្បាប់ជាធរមាន។៣-គណៈអភិបាលខេត្ត និង ស្រុក ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការបង្ក្រាប ឧក្រិដ្ឋកម្មគ្រឿងញៀន, ការជួញដូរ និង រត់ពន្ធមនុស្ស និង ការបង្ខិតបង្ខំពលកម្ម ឱ្យមានប្រសិទ្ធភាព និង ឱ្យបានតឹងរឹង ជាប់ជាប្រចាំ។ ទន្ទឹមនេះ, ប្រជាពលរដ្ឋ ពិសេស យុវជន ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដោយត្រូវចងចាំជានិច្ចថា គ្រឿងញៀនបំផ្លាញខ្លួនយើង, គ្រួសារយើង និង ប្រទេសជាតិ របស់យើង។ ជាមួយគ្នានេះដែរ, សូមបន្តជំរុញបំផុសប្រជាជនឱ្យចូលរួមសកម្មក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពឱ្យបានជាប់ជាប្រចាំ នៅគ្រប់មូលដ្ឋានទាំងអស់ទូទាំងខេត្ត។
៤-បន្តជំរុញ និង លើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែល កាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ចំពោះការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ, រដ្ឋបាលស្រុកត្រូវបន្តលើកកម្ពស់ ស្មារតីទទួលខុសត្រូវ និង គណនេយ្យភាព ក្នុងការគ្រប់គ្រង, ចាត់ចែង និង ផ្តល់ការគាំទ្រពេញលេញ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវារដ្ឋបាលកាន់តែងាយស្រួល, កាន់តែឆាប់រហ័ស, ប្រកបដោយតម្លាភាព និង គណនេយ្យភាព។
៥-បន្តយកចិត្តទុកដាក់សម្អាតបរិស្ថាន និង ដាំដើមឈើនៅតាមទីសាធារណៈ, សាលារៀន និង វត្តអារាម ព្រមទាំងបំផុសប្រជាពលរដ្ឋឱ្យចូលរួមដាំដើមឈើនៅលើដីទំនេរក្នុងបរវេណផ្ទះ ក្នុងគោល-បំណងបង្កើនគម្រងបៃតង និង ចូលរួមទប់ស្កាត់ការឡើងកំដៅផែនដី។ ជាមួយគ្នានេះ សូមប្រជាពលរដ្ឋទាំងអស់កុំចោលសំរាមពាសវាលពាសកាល ដើម្បីរក្សាអនាម័យ និង សោភ័ណភាពភូមិ-ឃុំរបស់ខ្លួន ក៏ដូចជាចូលរួមថែរក្សាផ្លូវរបស់យើងកុំឱ្យមានបញ្ហាស្ទះលូផងដែរ។
៦-អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានភាពម៉ឺងម៉ាត់ចំពោះរថយន្តដឹកដីគ្រប់ប្រភេទ ដែលបើកនៅលើផ្លូវ ដោយត្រូវចៀសវាងនូវការជ្រុះដីតាមផ្លូវ ដែលបណ្តាលឱ្យឆាប់ស្ទះលូ និង ឆាប់ខូច ផ្លូវ និង ធ្វើឱ្យផ្លូវបេតុងក្លាយជាផ្លូវដីវិញដោយសារដីគ្របពីលើ ។ ត្រង់ចំណុចនេះ លោក ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានស្នើដល់អាជ្ញាធរឱ្យគិតដល់ប្រព័ន្ធរំហូរ ឬ រំដោះទឹក ទោះដាក់លូ ឬ មិនទាន់ដាក់លូ, ចៀសវាងនូវការធ្វើផ្លូវមួយនាំទៅជន់លិចដល់ផ្លូវមួយទៀត ឬ ធ្វើផ្លូវបេតុងហើយ ក្លាយទៅជាផ្លូវដី ឬ ផ្លូវដក់ទឹកវិញ ពេលក្រោយ ពិសេស សម្រាប់ការស្ថាបនាផ្លូវបេតុងនាពេលខាងមុខ ដោយប្រើប្រាស់មូលនិធិឃុំ ។
ជាមួយគ្នានេះដែរ, អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ក៏ត្រូវការពារចំណីផ្លូវឱ្យបានល្អផងដែរ ។ ត្រង់នេះ, លោក ឧបនាយករដ្ឋមន្ត្រី ក៏សូមស្នើឱ្យប្រជាជនដែលរស់នៅតាមដងផ្លូវទាំងសង្ខាង កុំរំលោភបំពានលើដីចំណីផ្លូវ ព្រោះបងប្អូនមិនចំណេញអ្វីនឹងដីចំណីផ្លូវបន្តិចបន្តួចនោះទេ។ ផ្ទុយទៅវិញ, ការរំលោភបំពានលើដីចំណីផ្លូវ នឹងបង្កនូវហានិភ័យខ្ពស់ដល់អាយុជីវិតរបស់បងប្អូន ដោយសារគ្រោះថ្នាក់ចរាចរណ៍ និង ប៉ះពាល់ដល់ សោភ័ណភាព និង ផលប្រយោជន៍រួមរបស់បងប្អូន។
៧-សូមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត ។ ដោយឡែក, ប្អូនៗ និង ក្មួយៗដែលគ្រប់អាយុ ត្រូវទៅចុះឈ្មោះបោះឆ្នោត និង ត្រៀមខ្លួនទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តក្នុងឆ្នាំ ២០២៣ ខាងមុខ ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តអនុវត្តសិទ្ធិ និង កាតព្វកិច្ចរបស់ខ្លួន ព្រមទាំងចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ គង់ សេដ្ឋាមុនី