ភ្នំពេញ ៖ លោកហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ការបោសសម្អាតមីន ជាមួយនឹងការអភិវឌ្ឍដ៏លឿនរបស់កម្ពុជា បានប្រែក្លាយ ពី«ដីមីន»ទៅជា«ដីមាស» ។
ក្នុងពិធីប្តូរឈ្មោះ របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងការប្រមូលថវិកាជួយដល់គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ លោកហ៊ុន ម៉ាណែតបានថ្លែងថា ការបោសសម្អាតមីនមនុស្សធម៌ ទ្រង់ទ្រាយធំនៅកម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩២ មកម្លេះ ក្នុងរយៈពេលជាង៣០ឆ្នាំនេះ កម្ពុជាបានរកឃើញ និងបំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់ ។
លោកថា “ជាមួយនឹងការអភិវឌ្ឍដ៏លឿននេះ យើងបានប្រែក្លាយដីមីន ទៅជាដីមាស។
ជានឹងការប្រែក្លាយបែបនេះ លោកលើកហេតុផលជាក់ស្តែងថា តំបន់អតីតសមរភូមិជាច្រើន បានប្រែក្លាយទៅជាដីកសិកម្មដ៏មានជីជាតិ ទៅជាដីភូមិឋានដ៏មានសុភមង្គល ជាដីតំបន់អភិវឌ្ឍន៍រោងចក្រ និងជាដីតំបន់ឧស្សាហកម្មដ៏មានសក្តានុពល ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
លោក ហ៊ុន ម៉ាណែតថា ការបោសសម្អាតមីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ ក៏បានអនុញ្ញាតឱ្យក្មេងៗរាប់ម៉ឺននាក់ អាចចូលសាលារៀន ដោយក្តីសប្បាយរីករាយ, មិនមានក្តីកង្វល់ពីសុវត្ថិភាព, មិនខ្វល់ខ្វាយពីអាយុជីវិត ឬការឈឺចាប់ពីគ្រាប់មីន ។
ប៉ុន្តែលោកបន្តថា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍យ៉ាងណាក៏ដោយ ក៏កម្ពុជានៅសល់ផ្ទៃដីប្រមាណ ២.០០០ គីឡូម៉ែត្រក្រឡាមិនទាន់បានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងស្រុង។
សូមបញ្ជាក់ថា ជាមួយនឹងបេសកកម្មបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ កម្ពុជា បានប្តេជ្ញាចិត្តសម្រេចឱ្យបាននូវចក្ខុវិស័យ «កម្ពុជា មួយគ្មានមីន ឆ្នាំ២០២៥»តាមរយៈ «គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន» ជាមួយមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ៕ ដោយ៖ រិន ចំរើន