រដ្ឋមន្ត្រីបរិស្ថាន អំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ បង្កើនវិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ឱ្យបង្ហាញភាពជាអ្នកដឹកនាំ និងទទូលខុសត្រូវខ្ពស់ ដោយបង្កើនមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនវិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការប្តេជ្ញាចិត្តផ្តល់ថវិកា១០០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដូចដែលបានសន្យា ឱ្យបានលឿននិងជាក់ស្តែង និងពន្លឿនការផ្ទេរបច្ចេកវិទ្យាដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងសុន្ទរកថា ក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តាភាគី អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួល អាកាសធាតុ កាលពីថ្ងៃអង្គារទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុង Sharm el-Sheikh សាធារណរដ្ឋ អារ៉ាប់អេហ្ស៊ីប។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជាបានធ្វើបដិភាគថវិកាប្រមាណ ២,៣% នៃផលិតផលក្នុងស្រុកសុរប (GDP) សម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ការពារព្រៃឈើ និងរៀបចំលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយផែនការនានា ជាអាទិ៍ យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលនឹងរួមចំណែកគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព បើទោះជាមានការប្រែប្រួលអាកាសធាតុក្តី។

ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយនិង កំណើនសេដ្ឋកិច្ច០២ទស្សវត្សចុងក្រោយនេះ កម្ពុជាបានប្រែក្លាយពីប្រទេសចំណូលទាប ទៅ ជាប្រទេសចំណូលមធ្យមកម្រិតទាប និងកំពុងវិវឌ្ឍទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដែលប្រការនេះបានផ្តល់ឱកាសឱ្យកម្ពុជាបើកទំព័រថ្មីក្នុងនាមជារដ្ឋអធិបតេយ្យ ជាសមាជិក ពេញមុខពេញមាត់នៃសហគមន៍ប្រជាជាតិក្នុងការ ចូលរួមទប់ស្កាត់វិបត្តិសកលនានា។
ជាមួយគ្នានេះដែរក្នុងនាមជាប្រធានអាស៊ានប្តូរវន្ត កម្ពុជាបានផ្តួចផ្តើម កិច្ចព្រមព្រៀងបៃតង (ASEAN Green Deal) ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីតម្រង់ទិសអាស៊ានឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍បៃតង និងដោយចីរភាព៕ ដោយ៖ គង់ សេដ្ឋាមុនី