ភ្នំពេញ ៖ ក្នុងគ្រាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានរកឃើញឆ្លងជំងឺកូវីដ១៩ ពេលទៅដល់ឥណ្ឌូនេស៊ីនោះ សម្តេចបានបញ្ជាក់ថា រហូតមកទល់ពេលនេះ ពុំមានមេដឹកនាំរូបណាម្នាក់មកពីប្រទេសផ្សេងៗចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ ឆ្លងជំងឺកូវីដ-១៩ ចេញពីទីកន្លែងប្រារព្ធកិច្ចប្រជុំនេះឡើយ។
បន្ទាប់ពីរកឃើញថា មានជំងឺកូវីដហើយ សម្តេចតេជោ ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាត្រឡប់មកមាតុប្រទេសវិញនារាត្រីថ្ងៃ១៥ វិច្ឆិកា ។
ក្រោយមកដល់កម្ពុជាមិនដល់ជា២ម៉ោងផង តាមរយៈ សារសំឡេង សម្ដចតេជោបានមានប្រសាសន៍ពីស្ថានភាពជំងឺសម្តេចថា គ្មានអ្វីប្រែប្រួលនោះទេ ជារួមគឺសុខភាពសម្តេចធម្មតា។
ភ្ជាប់ជាមួយនឹងការរៀបរាប់ពីស្ថានភាពជំងឺហើយ សម្តេចតេជោ ក៏បានបង្ហាញក្តីបារម្ភថា តើមេដឹកនាំដែលចេញពីម្ពុជា ទៅចូលរួមប្រជុំនៅឥណ្ឌូនេស៊ី និងការវិលត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួនវិញ តើមានកើតកូវីដឬអត់?។ ព្រោះមេដឹកនាំទាំងនោះបានអង្គុយនៅក្បែរ និងចាប់ដៃសម្តេចផងដែរ រួមទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ដែលអង្គុយទទួលទានអាហារជាប់សម្ដេចផងដែរ។
ប៉ុន្តែទោះបីជាយ៉ាងសម្ដេចតេជោបញ្ជាក់ថា គ្មានអ្នកឆ្លងឡើយ ។សម្តេចថា «កង្វល់ធំពិតប្រាកដរបស់ព្រះករុណាខ្ញុំ គឺសុខភាពរបស់មេដឹកនាំបណ្ដាប្រទេស និងអង្គការអន្ដរជាតិនានា ដែលបានមកប្រជុំនៅប្រទេសកម្ពុជា ថាតើពួកគាត់មានឆ្លងកូវីដ១៩ ឬអត់? ប៉ុន្ដែឆ្លងកាត់ការស្រាវជ្រាវអ្នកដែលចូលរួមប្រជុំនៅប្រទេសឥណ្ឌូនេស៊ី និងអ្នកដែលត្រឡប់ទៅប្រទេសវិញ ពុំឃើញមានថ្នាក់ដឹកនាំរូបណាមួយដែលមានកូវីដឆ្លងចេញពីកម្ពុជានោះទេ»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ វិច្ឆិកា សម្ដេចតេជោ បានតេស្តឃើញវិជ្ជមានកូវីដ១៩ នៅឥណ្ឌូនេស៊ី ក្រោយទៅដល់នាព្រលប់ថ្ងៃ១៤ វិច្ឆិកា ធ្វើឲ្យសម្តេចខកខានចូលរួមកិច្ចប្រជុំកំពូលG20 នៅកោះបាលី និងកិច្ចសន្ទនាក្រៅផ្លូវការ APEC នៅក្រុងបាងកក ប្រទេសថៃផងដែរ៕ ដោយ៖ រិន ចំរើន