លោក ស៊ុយ សែម ៖ កម្ពុជានឹងមិនខ្វះភ្លើងប្រើនៅគ្រប់វិស័យសេដ្ឋកិច្ច និងសម្រាប់ជីវភាពពលរដ្ឋ

ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា កម្ពុជានឹងមិនខ្វះភ្លើងប្រើប្រាស់នោះទេ នៅគ្រប់វិស័យសេដ្ឋកិច្ច ក៏ដូចជាជីវភាពរបស់ ប្រជាពលរដ្ឋ។

ក្នុងកិច្ចសន្ទនា ស្ដីពីការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម នាថ្ងៃទី១៤ វិច្ឆិកា លោក ស៊ុយ សែម បានបញ្ជាក់ថា «បច្ចុប្បន្ននេះ កម្ពុជាមានថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ចំនួន ៤,២៤៦មេហ្កាវ៉ាត់ ខណៈការប្រើប្រាស់ប្រចាំថ្ងៃប្រើអស់តែជាង ២,១០០មេហ្កាវ៉ាត់តែប៉ុណ្ណោះ ដែលធ្វើឱ្យកម្ពុជានៅសល់អគ្គិសនីជាងពាក់កណ្ដាលទៀត ហើយបើងាកទៅមើលការអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជា»។

លោកបន្តទៀតថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ចាប់ពីឆ្នាំ២០១៨មក កម្ពុជាមានអគ្គិសនីចំនួន២,៦៥០មេហ្កាវ៉ាត់ ប៉ុន្ដែមកដល់បច្ចុប្បន្ន កម្ពុជាមានអគ្គិសនីចំនួន ៤,២៤៦មេហ្កាវ៉ាត់ បើគិតជាភាគរយមានការកើនឡើង៦០%៕ ដោយ៖ រិន ចំរើន