ភ្នំពេញ៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វារវាងក្រសួងបរិស្ថានកម្ពុជាតំណាងដោយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រសួងបរិស្ថានព្រៃឈើ និងប្រែប្រួលអាកាសធាតុឥណ្ឌាតំណាងដោយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង អនុប្រធានាធិបតីឥណ្ឌា លោក Jagdeep Dhankha នៅរាជធានីភ្នំពេញ។
អនុស្សរណៈនៃការយោគយល់គ្នានេះ ផ្ដោតលើការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្ត្រស្តារសត្វខ្លាធំ និងទីជម្រករបស់វា ដែលអនុវត្តជំហានដំបូងនៅតំបន់ជួរភ្នំក្រវាញ និងបន្ទាប់មកអនុវត្តនៅតំបន់អភិរក្សកែវសីមាខេត្តមណ្ឌលគិរី។
អនុស្សរណៈនៃការយោគយល់នេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរទៅលើបញ្ហាដូចខាងក្រោម៖ ក) ជំរុញការអភិរក្សជីវៈចម្រុះដោយផ្តោតលើការអភិរក្ស និងស្តារសត្វខ្លាធំនៅប្រទេសកម្ពុជា ជាពិសេសនៅតំបន់ទេសភាពសំខាន់ៗ រួមមានជួរភ្នំក្រវាញ និងខ្ពង់រាបភាគខាងកើតកុំឱ្យផុតពូជពីកម្ពុជា។
ខ) ផ្តល់ពូជសត្វខ្លាធំពីប្រទេសឥណ្ឌា និងជំរុញកិច្ចសហប្រតិបត្តិការការពារសត្វខ្លាធំឱ្យរស់នៅក្នុងព្រៃធម្មជាតិបានជោគជ័យ។ ចែករំលែក និងផ្លាស់ប្តូរជំនាញ និងសមត្ថភាពក្នុងគោលដៅជំរុញការអភិរក្សសត្វខ្លាធំនៅក្នុងប្រទេសទាំងពីរ។
គ) ជំរុញការអភិរក្សសត្វព្រៃដោយចែករំលែកបទពិសោធន៍ល្អៗ នៃការអនុវត្តបច្ចេកវិទ្យា ការរកចំណូលចិញ្ចឹមជីវិតសម្រាប់សហគមន៍ រស់នៅក្នុងដែនជម្រកសត្វព្រៃ និងការគ្រប់គ្រងជីវៈចម្រុះប្រកបដោយនិរន្តរភាព។ កម្ពុជា-ឥណ្ឌា នឹងគាំទ្រឱ្យមានការវិវឌ្ឍន៍ទៅមុខនៅក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការនេះ និងគោរពទស្សន:គា្នទៅវិញទៅមក៕
ដោយ៖ គង់ សេដ្ឋាមុនី