អគ្គលេខាធិការ UN៖ ទួលស្លែងជាការក្រើនរម្លឹកដ៏ចាំបាច់ដល់អ្នកទាំងអស់គ្នា ខណៈឥដ្ឋ និងការ៉ូ ដែលប្រឡាក់ដោយឈាម ជាការព្រមានដល់យើងទាំងអស់គ្នា

ភ្នំពេញ៖ អគ្គលេខាធិការអង្កការសហប្រជាជាតិ(UN) លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស(António Guterres) បានគូសបញ្ជាក់ថា ទួលស្លែងគឺជាការក្រើនរម្លឹកដ៏ចាំបាច់ដល់អ្នកទាំងអស់គ្នា ហើយឥដ្ឋនិងការ៉ូដែលក្រាលប្រឡាក់ដោយឈាមនៅទីនេះគឺជាការព្រមានដល់យើងទាំងអស់គ្នា។ ការគូសបញ្ជាក់របស់ អគ្គលេខាធិការអង្គការសហប្រជាជាតិនេះ ក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅគុកទួលស្លែង កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស បានថ្លែងថា វត្តមានរបស់លោក នៅគុកទួលស្លែងនេះ គឺដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងគោរពអ្នកដែលនៅរស់ក្នុងអំឡុងរបបខ្មែរក្រហម។ លោក បានបញ្ជាក់ថា ទុក្ខវេទនាដែលបានកើតឡើងនៅចន្លោះជញ្ជាំងនៅទីនេះគឺជារឿងដែលគួរឱ្យសោកសង្រេង និងសែនរន្ធត់ គួរឱ្យភ្ញាក់ផ្អើល។

លោកអគ្គលេខាធិការក៏បានថ្លែងអំណរគុណចំពោះសារមន្ទីរទួលស្លែងសម្រាប់ការងារដ៏អស្ចារ្យ របស់ខ្លួនដែលជាផ្នែកមួយក្នុងការខិតខំប្រឹងប្រែងដើម្បីធានាថា អំពើទាំងនេះមិនអាចកើតឡើងម្តងទៀតឡើយ។

លោក អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងទៀតថា អង្គជំនុំជម្រះក្នុងតុលាការកម្ពុជា(តុលាការខ្មែរក្រហម)បានទាមទារឱ្យមេដឹកនាំខ្មែរក្រហមជាច្រើននាក់ទទួលខុសត្រូវចំពោះអំពើព្រៃផ្សៃទាំងនេះ និងបានផ្តល់សំឡេងដល់ជនរងគ្រោះនិងអ្នកដែលនៅរស់ក្នុងរបបនេះ។ លោក បានថ្លែងបញ្ជាក់បន្ថែមថា៖ «សំឡេងរបស់ពួកគេមានសារៈសំខាន់ជាងពេលណាៗទាំងអស់នៅពេលនិយាយដែលនាំឱ្យការស្អប់គ្នា ការរំលោភបំពាន ការរើសអើង ការញុំញី កំពុងកើតឡើងនៅគ្រប់តំបន់នៅក្នុងពិភពលោក»។ ទួលស្លែងគឺជាការក្រើនរម្លឹក ដ៏ចាំបាច់ដល់អ្នកទាំងអស់គ្នា ឥដ្ឋ និងការ៉ូដែលក្រាលប្រឡាក់ដោយឈាមនៅទីនេះគឺជាការព្រមានដល់យើងទាំងអស់គ្នា»។

បើតាមលោក António Guterres បានអះអាងថា សម័យខ្មែរក្រហមគឺជាអ្វីដែលកើតឡើងនៃការស្អប់គ្នាយ៉ាងខ្លាំង ហើយនេះជាអ្វីដែលកើតឡើង នៅពេលមនុស្សដែលគេបានធ្វើទុក្ខបុកម្នេញ ហើយសិទ្ធិមនុស្សត្រូវបានបដិសេធ។ «ការរក្សាទុក និងការចងចាំងអ្នកដែលស្លាប់នៅក្នុងគុកទួលស្លែងជួយធានាថាអំពើឃោរឃៅបែបនេះនឹងមិនកើតឡើងម្តងទៀតឡើយ។ ខ្ញុំនឹងយករឿងរ៉ាវដែលខ្ញុំស្តាប់ឮអំពីអ្នកដែល រស់រានមានជីវិតនៅក្នុងរបបនេះទៅប្រាប់ចៅស្រីរបស់ខ្ញុំដើម្បីឱ្យចៅស្រីរបស់ខ្ញុំអាចយករឿងរ៉ាវទៅប្រាប់ចៅៗរបស់គេទៀត»។ នេះជាការលើកឡើងបន្ថែមរបស់លោក António Guterres។

លោក អគ្គលេខាធិការអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា សម្រាប់រឿងរ៉ាវនៅទីនេះមិនអាចបំភ្លេចជាដាច់ខាត តាមរយៈការរៀនទទួលស្គាល់អំពីសញ្ញាដំបូងនៃរបបប្រល័យពូជសាសន៍ អំពើឃោរឃៅដទៃទៀត នឹងទទួលពីតម្លៃបរិយាប័ន្ន សេចក្តីថ្លៃថ្នូរ យើងអាចកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគតដែលភាពរន្ធត់បែបនេះ នឹងមិនអាចកើតឡើងម្តងទៀតឡើយ៕ដោយ៖ គង់ សេដ្ឋាមុនី