សម្តេចតេជោ ៖ មជ្ឈភាពអាស៊ាន ជាកម្លាំងចលករចម្បង សម្រាប់កិច្ចសន្ទនា និងសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ដោយការសង្កត់ធ្ងន់ថា មជ្ឈភាពអាស៊ាន គឺជាកម្លាំងចលករចម្បង សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូខាងក្រៅ តាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន ។ នេះជាប្រសាសន៍សម្តេចក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងពិធីផ្ទេរតំណែងប្រធានអាស៊ានជូនឥណ្ឌូនេស៊ី នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចតេជោបន្ថែមទៀតថា ទោះបីជាស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ ត្រូវរក្សាឯកភាពអាស៊ាន ដើម្បីអត្ថប្រយោជន៍ខ្ពស់បំផុតសម្រាប់តំបន់ទាំងមូល ។ ការ លើកកម្ពស់សាមគ្គីភាព និងឯកភាព នឹងនៅតែជាអាទិភាពកំពូលនៅក្នុងឆ្នាំបន្តបន្ទាប់ទៀត ។

សម្តេចថា ជាសក្ខីភាពជាក់ស្តែងនៃស្មារតី «ភាពរួបរួមគ្នា» នៅក្នុងឆ្នាំនេះអាចដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមជាច្រើន នៅក្នុងតំបន់ដែលនាំឱ្យមានលទ្ធភាព ក្នុងការរក្សានូវសន្តិភាព វិបុលភាព និងសុខដុមរមនា សម្រាប់គ្រួសារអាស៊ានរបស់យើង ។

ជាមួយគ្នានេះដែរ សម្តេចតេជោបន្តថា កម្ពុជាមានជំនឿយ៉ាងពេញលេញថា សាធារណៈរដ្ឋឥណ្ឌូនេស៊ីដែលក្លាយជាប្រធានអាស៊ានប្តូរវេនបន្ទាប់ទៅនេះ នឹងបន្តដឹកនាំអាស៊ាន ដើម្បីសម្រេចបាននូវគោលបំណង ចម្បង គឺសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ភាពធន់ និងបរិយាបន្ន ៕ ដោយ៖ រិន ចំរើន