ភ្នំពេញ ៖ ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ -៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងពិធីផ្ទេរតំណែងប្រធានអាស៊ានជូនឥណ្ឌូនេស៊ី នាថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងនាមជាប្រធានអាស៊ានផុតអាណ្តិតបានបង្ហាញពីមោទកភាពក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។
សម្តេចតេជោបន្តថា “ក្នុងរយៈពេល៤ថ្ងៃនេះ យើងសម្រេចបាននូវកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ និងប្រកប ដោយផ្លែផ្កាលើកិច្ចការបន្តទៅមុខ ដើម្បីពង្រឹងមជ្ឈភាពអាស៊ាន និងគុណតម្លៃរបស់យើង ក្នុងកិច្ចទំនាក់-ទំនងជាមួយដៃគូខាងក្រៅ ជាពិសេសនៅពេលដែលសកលលោក កំពុងជួបប្រទះនឹងបញ្ហាស្មុគស្មាញ ក្នុងតំបន់ និងជាអន្តរជាតិដែលប្រែប្រួលយ៉ាងឆាប់រហ័ស”។
អ្វីដែលសម្តេចតេជោអះអាងដោយប្រកបផ្លែផ្កានោះ ត្រូវបានសម្តេចរៀបរាប់ថា ក្នុងរយៈពេល៤ថ្ងៃនេះ គឺបានអនុម័ត និងកត់សម្គាល់នូវឯកសារសមិទ្ធផល និងសេចក្តីប្រកាសចំនួន៧០ដែលគ្របដណ្តប់ទៅលើសសរស្តម្ភទាំង៣របស់សហគមន៍អាស៊ាន និងបានអនុម័តក្របខណ្ឌកិច្ចសហប្រតិបត្តិការមួយចំនួន ជាមួយនឹងដៃគូសន្ទនា។
សម្តេចនាយករដ្ឋមន្រ្តីថា ដើម្បីបន្ត និងពង្រឹងទំនាក់ ទំនងជាមួយដៃគូ អាស៊ានបានយល់ព្រមបញ្ចូលអ៊ុយក្រែន ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) នាកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១ នេះ ។ ដូចគ្នានេះដែរ ប្រទេស៦ទៀត រួមមាន ៖ ដាណឺម៉ាក ក្រិច ហូឡង់ អូម៉ាន កាតា និងអេមីរ៉ាតអារ៉ាប់រួម ក៏បានចុះហត្ថលេខា ចូលជាសមាជិកក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ នាកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅខែ សីហា ដែលធ្វើឱ្យប្រទេសជាសមាជិកនៃសន្ធិសញ្ញានេះ បានកើនឡើងដល់ ៥០ប្រទេស ។
ជាមួយគ្នានេះ សម្តេចថា ក៏បានចេញនូវសេចក្តីថ្លែងការណ៍រួមនៃខួបអនុស្សាវរីយ៍លើកទី២០នៃសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដើម្បីប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ២០ នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនេះនាឆ្នាំ២០០២ ។
សម្រាប់ការកសាងសហគមន៍អាស៊ានវិញ សម្តេចតេជោបន្ថែមថា បានអនុម័តសេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពី «អាស៊ានរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា», សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្ដីពីខួបលើកទី ៥៥របស់អាស៊ាន និងសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីរបៀវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ ។
ក្នុងនោះក៏បានអនុម័តសេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការបំផុសសហគ្រិនភាពស្ត្រីអាស៊ាន បន្ទាប់ពីកិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី២ ប្រកបដោយជោគជ័យ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ។
ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្រ្តីឲ្យដឹងទៀតថា ក៏មានក្តីសោមនស្សដែលមានលទ្ធភាពរៀបចំជាលើកទី២នូវកិច្ចសន្ទនាសកលអាស៊ាន (ASEAN Global Dialogue) ដើម្បីផ្លាស់ប្តូរទស្សនៈ សម្រាប់ការកសាងអាស៊ានប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងសម័យកាលក្រោយជំងឺកូវីដ-១៩ ៕ ដោយ៖ រិន ចំរើន