ភ្នំពេញ ៖ ក្នុងជំនួបជាលើកដំបូងជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិកបាន អរគុណសម្តេចតេជោក្នុងការផ្ញើសារចំពោះមហាអំណាចរុស្ស៊ីឈ្លានពានលើអ៊ុយក្រែន ។
ជាមួយនឹងពាក្យអរគុណទៅកាន់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកប្រធានាមហាអំណាចទី១លើលោកនេះ ក៏មិនភ្លេចកោតសរសើរសម្តេចក្នុងការខិតខំដោះបញ្ហាមីយ៉ាន់ម៉ា ឬភូមាដែរ។
ក្នុងរយៈពេលប្រមាណជាង១ឆ្នាំមកនេះ មានបញ្ហា២ធំៗដែលធ្វើឲ្យពិភពលោកចាប់អារម្មណ៍ក៏ដូចជាការព្រួយបារម្ភផងដែរ ហើយអ្វីដែលធ្វើឲ្យផ្តោតសំខាន់នោះ គឺកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ មានភារកិច្ចដោះស្រាយ និងចូលរួមចំណែកដោះស្រាយផងដែរ។
បញ្ហាទាំង២នោះ គឺទី១-កើតឡើងនៅមីយ៉ាន់ម៉ា ដោយសាររបបយោធាដឹកនាំដោយលោក មីន អោងឡាំង បានធ្វើរដ្ឋប្រហារទំលាក់ លោកស្រី អោង សានស៊ូជី កាលពីដើមឆ្នាំ២០២១ ហើយធ្វើឲ្យមានការវាយប្រហារក្នុងប្រទេសយ៉ាងក្តៅគគុក។ ករណីនេះ សម្តេចតេជោបានធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ា២ដង ដើម្បីដោះស្រាយក៏ដូចជាសម្របសម្រួលផងដែរ។
ចំណែកបញ្ហាទី២-គឺសង្គ្រាមនៅអ៊ុយក្រែន បង្កឡើងដោយមហាអំណាចរុស្ស៊ី។ ក្រោយករណីនេះកើតឡើងភ្លាមៗនោះដែរសម្តេចតេជោ ក៏បានផ្ញើសារមិនគាំទ្រលើការឈ្លានពាន។
សម្រាប់បញ្ហាដែលកំពុងក្តៅគគុកដូចខាងលើនេះ តាមរយៈ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានថ្លែងអ្នកសារព័ត៌មានថា “ឯកឧត្តម ចូ បៃដិន បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានផ្ញើសារយ៉ាងច្បាស់ចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន”។
នេះជាការលើកឡើងរបស់លោកជំនួយការក្រោយបញ្ចប់ជំនួបរវាងសម្តេចតេជោ និង លោក ចូ បៃឌិន នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែលជាថ្ងៃទី៣ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០,៤១ ។
លោក អ៊ាង សុផល្លែត បន្តថា ជាមួយគ្នានេះ “ឯកឧត្តម ចូ បៃដិន ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជា ជាប្រធានអាស៊ានក្នុងការប្រឹងប្រែងដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ”។
ពាក់ព័ន្ធអាស៊ានវិញ លោក ចូ បៃដិន ក៏បានជម្រាបសម្ដេចតេជោថា សហគមន៍អាស៊ាន គឺមានសារៈសំខាន់ណាស់ចំពោះសហរដ្ឋអាមេរិក ជាពិសេសចំពោះរដ្ឋបាលរបស់លោកផ្ទាល់តែម្ដង ហើយសហរដ្ឋអាមេរិកគាំទ្រមជ្ឈភាពអាស៊ាន។
ជាការឆ្លើយតប សម្ដេចតេជោ ក៏បានថ្លែងអំណរគុណ លោក ចូ បៃដិន បានធ្វើដំណើមកចូលរួមក្នុងកិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញ ដែលនេះសបញ្ជាក់ឲ្យឃើញ នូវការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកចំពោះអាស៊ាន។ ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បានជម្រាប លោក ចូ បៃដិន អំពីកិច្ចសហប្រតិបត្តិការជាមួយជប៉ុន លើការជួយឲ្យអ៊ុយក្រែនក្នុងការដោះមីន និងប្រឆាំងការប្រើប្រាស់ពាក្យសំដីគំរាមកំហែង និងការប្រើប្រាស់នុយក្លេអ៊ែរ៕ ដោយ៖ រិន ចំរើន