ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានសម្រេចផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៥១.៣លានដុល្លារ សម្រាប់ការអនុវត្តលើគម្រោងសំខាន់ៗចំនួន៤។
ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុនក្រោយជំនួបទ្វេភាគី។
គម្រោងទាំង៤នោះរួមមាន៖
១-គម្រោងសាងសង់អគារហ្វឹកហ្វឺន និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មានទឹកប្រាក់ចំនួន។
២.៤៥១លានយ៉េន (ប្រមាណ ១៧លានដុល្លារ)។
២-កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម មានទឹកប្រាក់ចំនួន ១.១៥០ លានយ៉េន (ប្រមាណ ៨លានដុល្លារ)។
៣-គម្រោងកែលម្អការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ដែលអាចចម្លងមេរោគ មានទឹកប្រាក់ចំនួន ៤៣៦លានយ៉េន (ប្រមាណ ៣លានដុល្លារ)។
៤-គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រោងចក្រភូមិព្រែក ចំនួន ៣.៣៦១លានយ័ន (ប្រមាណ ២៣លាន ៣សែន ដុល្លារ)។
ក្នុងពេលជាមួយគ្នានោះដែរ លោក អូន ព័ន្ធមុនីរ័ត្ន ក៏នឹងចុះហត្ថលេខាលើឯកសារជាមួយភាគីជប៉ុនដូចខាងក្រោម៖
-កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងចំនួន០៣ខាងលើ ដែលអនុវត្តដោយ JICA ជាមួយ លោកស្រី កាមេ ហារូកុ (KAME Haruko ប្រធានការិយាល័យទីភ្នាក់ងារកិច្ចសហប្រតិបត្តិការជប៉ុន (JICA) ប្រចាំកម្ពុជា
-អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រុមហ៊ុន Toyota Tsusho Corporation ជាមួយលោក (តូហ្ស៉ីមីតស៊ូ អ៉ីម៉ៃ) Toshimitsu Imal អគ្គនាយករងប្រតិបត្តិក្រុមហ៊ុន Toyota Tsusho Corporation។
ហិរញ្ញប្បទានឥតសំណង ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕ ដោយ៖ រិន ចំរើន