ភ្នំពេញ៖ ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន និងថ្នាក់ដឹកនាំ កូរ៉េខាងត្បូង ចិន និងជប៉ុន បានជួបគ្នាក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីនៅថ្ងៃទី១២វិច្ឆិកានេះ ដើម្បីពិភាក្សាផ្លាស់ប្ដូរយោបល់ ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអាស៊ានបូកបីដើរតូនាទីជាស្នូលនៅក្នុងការធ្វើឱ្យមានវិបុលភាពតំបន់និងសកលលោក។ នេះបើតាមការបញ្ជាក់ពី លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន ក្នុងសន្និសីទបូកសរុបលទ្ធផលកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃសៅរ៍នេះ។
លោក គង់ ភោគ បានថ្លែងថា ប្រទេសអាស៊ានបូកបីបន្តជំរុញការក្សាសន្តិភាព និង ស្ថេរភាពក្នុងតំបន់ ព្រមទាំងជំរុញកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុតំបន់អាស៊ីបូព៌ា។ ទន្ទឹមនេះ កិច្ចប្រជុំក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងប្រទេសបូកបីក៏ដូចជាសារៈសំខាន់នៃការរក្សាទីផ្សារបើកចំហ ធានាលំហូរពាណិជ្ជកម្ម និងផ្សារភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ប្រទេសអាស៊ាន និងប្រទេសបូកបីដើម្បីអនុញ្ញាតឱ្យភាគីពាក់ព័ន្ធ ទាញយកផលប្រយោជន៍ឱ្យបានពេញលេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។
ជាការគួរឱ្យកត់សម្គាល់ នៅថ្ងៃនេះក៏មានការចេញផ្សាយសៀវភៅដែលមានចំណងជើងថា «កិច្ចសហប្រតិបត្តិការអាស៊ានបូក៣»(១៩៩៧-២០២២)ក្នុងឱកាសខួបអនុស្សាវរីយ៍២៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបីដែលបង្ហាញពីសមិទ្ធផលធំធេងនៃកិច្ចសហប្រតិបត្តិការមួយនេះនៅក្នុងក្របខ័ណ្ឌរវាងប្រទេសទាំង១៣៕ ដោយ៖ គង់ សេដ្ឋាមុនី