សៀមរាប៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបបនីយកម្ម និងសំណង់ បានទទួលគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នៃរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ដែលប្រគល់ដោយ លោក លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន។ ពិធីប្រគល់-ទទួលនេះ ធ្វើឡើងនៅប្រាសាទតាកែវ នៃរមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
លោក ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា មានប្រសាសន៍ថា ពីធីប្រគល់ទទួលគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវនាពេលនេះ ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការ អមតៈរវាងប្រជាជាតិ និងប្រជាជនកម្ពុជា-ចិន។ សាធារណរដ្ឋប្រជាមានិតចិន ក៏បានជួយ ព្រះរាជាណាចក្រកម្ពុជា ក្នុងការថែរក្សាសិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិរបស់ខ្លួន តាមរយៈកម្មវិធីនិងគម្រោងអភិរក្ស ជួសជុល ស្រាវជ្រាវ បណ្តុះបណ្តាល និងអភិវឌ្ឍ ប្រកបដោយចីរភាព នូវសម្បត្តិវប្បធម៌ និងអរិយធម៌នៅរមណីយដ្ឋានអង្គរតាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន។ ជាក់ស្តែង ប្រាសាទតាកែវ ត្រូវបានចាប់ផ្តើមជួសជុលក្នុងឆ្នាំ២០១១ និងបញ្ចប់នៅឆ្នាំ២០១៨ ប្រើប្រាស់ថវិកាចំនួន ៤០លានយន់។ ប្រាសាទចៅសាយទេវតា ត្រូវបានចាប់ផ្តើមជួសជុលក្នុងឆ្នាំ២០០០ បញ្ចប់ក្នុងឆ្នាំ២០០៨ ប្រើប្រាស់ថវិកា ចំនួន ១៤លានយន់។
បច្ចុប្បន្ន កំពុងសិក្សាគម្រោងជួសជុល ព្រះបរមរាជវាំងអង្គរធំ ដែលគ្រោងនឹងប្រើ រយៈពេល១០ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៩ ប្រើប្រាស់ថវិកាចំនួន ៩០លានយន់។ ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាក៏ទើបទទួលបានមូលនិធិ ពិសេសចំនួន៣៧៩ ៤០០ ដុល្លារអាម៉េរិក ពី គម្រោងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង សម្រាប់រយៈពេល២ឆ្នាំ ដែលនឹងត្រូវ អនុវត្តន៍នៅចុងឆ្នាំ២០២២នេះ ដើម្បីអភិរក្ស និងជួសជុលស្ពានហាលខាងកើត នៃប្រាសាទ បេងមាលា។ ក្រៅពីនេះ ប្រទេសចិនក៏ជាសហប្រធានជាមួយប្រទេសឥណ្ឌានៃ ICC-ព្រះវិហារ ដោយការសិក្សានៃគម្រោងអភិរក្ស និងជួសជុល គោពបុរៈទី១, ទី២ និងទី៣ ដែលភាគី ចិនកំពុងតែធ្វើការសិក្សាយ៉ាងល្អិតល្អន់ដើម្បីរួមចំណែកក្នុងការរក្សាការពារប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយទៀត បន្ទាប់ពីរមណីយដ្ឋានអង្គរ។
លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា តាំងតែពីជិត១០០០ឆ្នាំមុន គឺសៀវភៅប្រវត្តិសាស្ត្រជាច្រើនបានបញ្ជាក់ថា កម្ពុជា និងចិន មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា ហើយការជួសជុលប្រាសាទតាកែវ គឺជាគម្រោងទី២ ដែលរដ្ឋាភិបាលចិនបានផ្ដល់ជំនួយ ដើម្បីចូលរួមអភិរក្ស និងថែរក្សាសម្បត្តិវប្បធម៌របស់ មនុស្សជាតិនៅក្រោមក្របខ័ណ្ឌរបស់អង្គការUNESCO។
លោកសង្ឃឹមថា ជំនួយលើគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវនេះ នឹងផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា សម្រាប់ការផ្លាស់ប្ដូរគ្នានូវអារ្យធម៌ របស់ប្រទេសនៅក្នុងពិភពលោកនេះដែរ៕ ដោយ៖ គង់ សេដ្ឋាមុនី