ភ្នំពេញ៖ ឧត្តមភរិយារបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន គឺលោកជំទាវ ម៉ៅ ចំណាន ប្រធានប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កាលពីថ្ងៃទី ៩ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ បានឡើងទទួលពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ ២០២២ ពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២២។
អ្នកឧកញ៉ា គិត ម៉េង ថ្លែងថា ពានរង្វាន់ធុរកិច្ចអាស៊ាន គឺជាការរំលឹកដ៏សំខាន់មួយ ដើម្បីទទួលស្គាល់ និងរំលេចនូវរឿងជោគជ័យរបស់អាស៊ីអាគ្នេយ៍។ ពានរង្វាន់នេះ ទទួលស្គាល់លទ្ធផលការងារឆ្នើម ក្នុងចំណោមវិស័យសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានអាទិភាព ដូចជា ទេសចរណ៍ ភស្តុភារ អចលនទ្រព្យ វាយនភ័ណ្ឌ ថែទាំងសុខភាព សិប្បកម្ម បច្ចេកវិទ្យា Fintech និងផលិតផលកសិកម្ម។ ហើយយើងក៏មាន SME Excellence ជា ៤ប្រភេទផងដែរ គឺប្រភេទកំណើន, ប្រភេទការងារ, ប្រភេទនៃការច្នៃប្រឌិត និងប្រភេទ CSR។
អ្នកឧកញ៉ាបន្តថា «យើងក៏សូមទទួលស្គាល់ និងផ្តល់កិត្តិយសដល់អាជីវកម្មឆ្នើមដែលបានបង្ហាញពីការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងទទួលបានពានរង្វាន់អភិវឌ្ឍន៍ជំនាញ។ យើងលើកកម្ពស់ការរួមបញ្ចូលនៅក្នុងការអភិវឌ្ឍធនធានមនុស្ស សម្រាប់ពានរង្វាន់នេះ ដូច្នេះការផ្តល់ទិន្នន័យស្ថិតិដែលបង្ហាញពីភាពចម្រុះទាក់ទងនឹងយេនឌ័រ ជាតិសាសន៍ និងអ្នកដែលជួបការលំបាកត្រូវបានលើកទឹកចិត្ត និងផ្តល់រង្វាន់ផងដែរ»។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ា បានអរគុណដល់ក្រុមហ៊ុនដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងទាំងអស់នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ ២០២២ ទាំងអ្នកឈ្នះ និងអ្នកមិនបានឈ្នះពានរង្វាន់ ដោយសារក្រុមហ៊ុនចូលរួមមានចំនួនច្រើន ដែលបានធ្វើឲ្យភារកិច្ចនៃការវិនិច្ឆ័យមានការលំបាកជាខ្លាំងសម្រាប់ការជ្រើសរើស។
ទោះជាយ៉ាងណាអ្នកឧកញ៉ា គិត ម៉េង បានអបអរសាទរដល់អ្នកដែលបានឈ្នះពានរង្វាន់ ហើយចំពោះក្រុមហ៊ុនដែលមិនបានឈ្នះវិញ អ្នកឧកញ៉ា ក៏សូមអរគុណផងដែរចំពោះការព្យាយាម និងលើកទឹកចិត្តឲ្យពួកគេបន្តការព្យាយាមជាថ្មីទៀត ព្រោះថាភាពជោគជ័យក្នុងភាពជាសហគ្រិន គឺត្រូវការព្យាយាមម្តងហើយ ម្តងទៀតរហូតដល់ថ្ងៃណាមួយអ្នកនឹងទទួលជោគជ័យ។
ក្រុមហ៊ុនដែលទទួលបានពានរង្វាន់ធុរកិច្ចអាស៊ាន ឆ្នាំ ២០២២ នៅក្នុងតំបន់អាស៊ាន មានចំនួន ៣៩ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុនរបស់កម្ពុជាចំនួន ៨ ដែលរួមមាន៖ ធនាគារវីង (ខេមបូឌា), ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ, ក្រុមហ៊ុន Ezecom, ក្រុមហ៊ុន Goodhill Enterprise, ក្រុមហ៊ុន Confirel Co., Ltd, ធនាគារ អេស៊ីលីដា ភីអិលស៊ី, ក្រុមហ៊ុន Aplus Consulting និងធនាគារជាតិនៃកម្ពុជា (NBC)។
ពានរង្វាន់ធុរកិច្ចអាស៊ានត្រូវបានផ្តួចផ្តើមដោយ ASEAN-BAC ក្នុងឆ្នាំ ២០០៧ ហើយជារៀងរាល់ឆ្នាំ ពួកគេទទួលស្គាល់សហគ្រាសសង្គមឆ្នើមដែលមានលក្ខណៈច្នៃប្រឌិត និងបានចូលរួមវិភាគទានយ៉ាងសំខាន់ដល់អ្នកខ្សត់ខ្សោយនៅក្នុងសហគមន៍នានារបស់ពួកគេ៕ ដោយ៖ពុទ្ធិពល