ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអន្តរសភាអាស៊ានលើកទី៤៣ (AIPA)បានគូសបញ្ជាក់ទៅកាន់ថ្នាក់ដឹកនាំអាស៊ានថា ការទូតសភាកាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការបង្កើតនូវវិធីសាស្រ្តពហុភាគី ដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញ។ ការគូសបញ្ជាក់របស់សម្តេច ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអន្តរសភាអាស៊ានលើកទី៤៣ (AIPA) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អាយប៉ា ជួបប្រជុំទល់មុខ ជាមួយប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំនេះ សម្តេច ហេង សំរិន បានមានប្រសាសន៍ថា សព្វថ្ងៃនេះ អាស៊ាន ក៏ដូចជាប្រទេសដទៃនៅលើសកលលោក កំពុងស្ថិតនៅក្នុងចំណុចមួយប្រឈមទៅនឹងបញ្ហាកាន់តែស្មុគស្មាញ។ សម្តេចប្រធានបានបញ្ជាក់ថា ការទូតសភាកាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការបង្កើតនូវវិធីសាស្រ្តពហុភាគី ដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញទាំងនេះ ដោយផ្អែកលើគុណតម្លៃរួមរបស់ AIPA ដូចមានចែងនៅក្នុងលក្ខន្តិកៈ ដូចជាការលើកកម្ពស់គោលការណ៍សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់អាស៊ាន។
ជាមួយគ្នានេះ សម្ដេចប្រធានរដ្ឋសភាបានថ្លែងថា ជំនួបប្រជុំទល់មុខរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិអាស៊ាន ជាព្រឹត្តិការណ៍សំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ាន ដើម្បី AIPA ដែលជាស្ថាប័ននីតិប្បញ្ញត្តិ និងអាស៊ាន ដែលជាស្ថាប័ននីតិប្រតិបត្តិ ស្វែងយល់អំពីសភាពការណ៍រួម ធ្វើបច្ចុប្បភាពនៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ពីគ្នាទៅវិញទៅមក នៅលើទិសដៅរួមមួយ គឺវិបុលភាពរបស់ពលរដ្ឋអាស៊ាន។ សម្ដេចប្រធានអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ បានមានប្រសាសន៍បន្តថា AIPA សូមគាំទ្រយ៉ាងពេញទំហឹងចំពោះមូលបទ ដែលត្រូវបានជ្រើសរើសសម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៣ គឺ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដែលជាមូលបទ មានសារៈសំខាន់ និងស្របតាមបរិបទពិភពលោកដែលកំពុងវិវត្ត និងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ។
សម្តេចប្រធានរដ្ឋសភាកម្ពុជាក៏បានគូសបញ្ជាក់ដែរថា សម្រាប់មហាសន្និបាតអាយប៉ា ដែលនឹងប្រព្រឹត្តទៅនៅចុងខែនេះ នឹងជ្រើសរើសមូលបទ “កាបោះជំហានជាមួយគ្នាដើម្បីតំបន់អាស៊ានមួយ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់” ផ្តោតលើការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាការពង្រឹងពហុភាគីនិយម ដើម្បីធានាសន្តិភាព និងសន្តិសុខក្នុងតំបន់។
សូមជម្រាបជូនថា ក្នុងនាមប្រធានអន្តរសភាអាស៊ានប្តូរវេននៅក្នុងឆ្នាំ២០២២នេះ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត AIPA លើកទី៤៣ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកានេះដែរ បន្ទាប់ពីខាងរាជរដ្ឋាភិបាល ដែលជាប្រធានអាស៊ានឆ្នាំ២០២២ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនាពេលនេះ។
សម្តេច ហេង សំរិន បានថ្លែងបញ្ជាក់ថា កិច្ចសន្ទនា និងការពិគ្រោះយោបល់នាពេលនេះ នឹងផ្តល់នូវលទ្ធផលដ៏ប្រសើរ ដោយធានាបានថា ឯកភាព និងមជ្ឈភាពរបស់អាស៊ាននឹងត្រូវរក្សាបាន យើងអាចធ្វើការងាររួមគ្នា ដើម្បីជំរុញឱ្យការងើបឡើងវិញពីជំងឺរាតត្បាតនេះ កាន់តែមានភាពរឹងមាំនិងល្អប្រសើរជាងមុន ហើយធ្វើយ៉ាងណា ដើម្បីពង្រឹងមូលដ្ឋានគ្រឹះសំដៅសម្រេចបាននូវសហគមន៍អាស៊ានមួយដែលមានភាពធន់ និងប្រកបដោយវិបុលភាព៕ដោយ៖ គង់ សេដ្ឋាមុនី