ប្រធានប្តូរវេនអន្តរសភាអាស៊ានលើកទី៤៣ នឹងប្រមូលធាតុចូលសំខាន់ៗ ទៅកាន់ប្រមុខដឹកនាំអាស៊ាន

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤៣ នឹងនាំយកនូវធាតុចូលសំខាន់ៗសម្រាប់បញ្ចូលទៅក្នុងសារនៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន។

បន្ទាប់ពីគណៈប្រតិភូសភា នៃបណ្ដាប្រទេសជាសមាជិកអាយប៉ាចំនួន៧ប្រទេស បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ជាបន្ដបន្ទាប់រួចមក នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារកាំឌីយ៉ាណា លោក ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា និងជាប្រធានក្រុមជាតិអាយប៉ាកម្ពុជា បានដឹកនាំកិច្ចប្រជុំរៀបចំសារ សម្រាប់កិច្ចប្រជុំទល់មុខរវាងប្រមុខអាស៊ាន អាយប៉ា ជាមួយគណៈប្រតិភូ ប្រទេសជាសមាជិកអាយប៉ា ដើម្បីនាំយកនូវធាតុចូល ដែលជាទស្សនៈរួមក្នុងនាមប្រទេសជា សមាជិកអាយប៉ា សម្រាប់ដាក់បញ្ចូលទៅក្នុងសារ ដែលនឹងត្រូវថ្លែងដោយ សម្តេចហេង សំរិន ប្រធានរដ្ឋសភា និង ជាប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤៣ នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន។

កិច្ចប្រជុំដើម្បីរៀបចំសាររបស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤៣ ដែលនឹងត្រូវថ្លែងទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា នាព្រឹកនេះ គឺបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
លោក ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជា ប្រធានក្រុមជាតិអាយប៉ាកម្ពុជា បានដឹកនាំកិច្ចប្រជុំរៀបចំសារ បានស្នើចំពោះកិច្ចប្រជុំ ដើម្បីចាត់តាំង លោកប្រធានរដ្ឋសភាថៃ និងលោកប្រធានរដ្ឋសភាហ្វីលីពីន គឺជាវាគ្មិន ដែលនឹងត្រូវផ្ដល់អនុសាសន៍នៅក្នុងកិច្ចប្រជុំទល់មុខជាមួយប្រមុខអាស៊ាន នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សូមជម្រាបថា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃបណ្តាប្រទេសជាសមាជិកអាយប៉ា អញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន) និងអន្តរសភាអាស៊ាន(អាយប៉ា) នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ (40th-41st ASEAN Summit) ដែលនឹងប្រព្រឹត្តទៅនារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។ ចំពោះ គណៈប្រតិភូសភានៃបណ្ដាប្រទេសសមាជិកអាយប៉ា ដែលបានចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ានោះ រួមមាន៖ គណៈប្រតិភូសភា នៃប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃ និងប្រទេសវៀតណាម៕ដោយ៖ គង់ សេដ្ឋាមុនី