ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចំណាយជាង ១ពាន់លានដុល្លារ នឹងសាងសង់នៅឆ្នាំ២០២៣

ភ្នំពេញ ៖ ទីបំផុតផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង នឹងបើកការរដ្ឋានសាងសង់នៅឆ្នាំ២០២៣ខាងមុខ ខណៈគម្រោងចំណាយថវិកាប្រមាណជា១ ៦៣៨លានដុល្លារ។

នាឱកាសអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នាថ្ងៃទី១០ វិច្ឆិកា ២០២២ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានប្ដេជ្ញាធ្វើយ៉ាងណាឱ្យផ្លូវល្បឿនលឿនភ្នំពេញ-បាវិត សាងសង់រួចរាល់ ឱ្យប្រហែលផ្លូវល្បឿនលឿនក្រុងហូជីមិញ មកម៉ុកបៃ ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

លោកទេសរដ្ឋមន្ដ្រីគូសបញ្ជាក់ថា ផ្លូវនេះមានចំងាយ ១៣៨គីឡូម៉ែត្រ ។ លោកថា “ថវិកាដែលគ្រោងបណ្តាក់ទុនគឺចំនួន១ ៦៣៨លានដុល្លារ មានទំហំតិចជាងក្រុងព្រះសីហនុ តែប្រវែងផ្លូវនេះក៏ខ្លីដែរ ។ សង្ឃឹមថា នឹងបើកការដ្ឋាននៅឆ្នាំ២០២៣”។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីសង្ឃឹមទុកជាមុនថា នឹងអាចបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។
សូមបញ្ជាក់ថា កម្ពុជាមានផ្លូវល្បឿនមួយខ្សែហើយចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ មានរយៈចំងាយជិត២០០គីឡូម៉ែតដែលបានបើកឱ្យធ្វើដំណើរសាកល្បងមួយខែរួចហើយ ។ ឥឡូវផ្លូវល្បឿន លឿនភ្នំពេញ-ព្រះសីហនុបានចាប់ផ្តើមបើកជាផ្លូវការហើយ៕ ដោយ៖ រិន ចំរើន